ឯកឧត្តម ហ៊ុន ម៉ានី៖ខឿនការពារជាតិ របស់ប្រជាជនទាំង ១៧លាននាក់ តែងតែនៅពីក្រោយកងកម្លាំងប្រដាប់អាវុធទាំងអស់គ្នាគ្រប់ពេលវេលា

Narith | ថ្ងៃទី 05 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ៥ ៦ ២០២៥

ភ្នំពេញ ៖ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា ខឿនការពារជាតិ របស់ប្រជាជនទាំង ១៧លាននាក់ តែងតែនៅពីក្រោយកងកម្លាំងប្រដាប់អាវុធទាំងអស់គ្នាគ្រប់ពេលវេលា ដើម្បីភាពកក់ក្តៅជូនទៅដល់កងកម្លាំង។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសាលាពុទ្ធិកបឋមសិក្សា សាលាទទួលភ្ញៀវ ខ្លោងទ្វារ និងសមិទ្ធផលនានា នៅវត្តចំប៉ាចារ៍ ក្នុងភូមិសំពៅលូន ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី លើកឡើងអំពីភាពអង់អាចក្លាហានរបស់កងកម្លាំងប្រដាប់អាវុធ ដែលឈរជើងនៅជួរមុខនៅតាមបន្ទាត់ព្រំដែន ដែលមានគោលជំហរ និងបេសកកម្មច្បាស់លាស់ ប៉ុន្តែពួកគាត់ ត្រូវការភាពកក់ក្តៅពីប្រជាពលរដ្ឋនៅសមរភូមិខាងក្រោយពីគ្រប់ទិសទី ពិសេសចុះសួរសុខទុក្ខដោយផ្ទាល់ ដោយដាក់បេះដូង ដាក់ដើមទ្រូងដើម្បីការពារ ក្នុងការការពារអធិបតេយ្យភាពទឹកដី។ 
ឯកឧត្តម បានរម្លឹកនូវប្រសាសន៍សម្តេចតេជោថា «ខឿនការពារជាតិ ដែលចេញពីប្រជាជន» ជាការចូលរួមរបស់ប្រជាពលរដ្ឋ ដើម្បីភាពកក់ក្តៅជូនទៅដល់កងកម្លាំង ជូនទៅដល់រាជរដ្ឋាភិបាល កំពុងដឹកនាំគ្រប់ការដ្ឋានទាំងអស់ ដើម្បីការងារអធិបតេយ្យ និងផលប្រយោជន៍របស់ប្រទេសជាតិ ដែលក្នុងនោះប្រើគ្រប់មធ្យោបាយទាំងអស់ ដោយប្រើយន្តការរួម ទាំងការទូត ទាំងកិច្ចចរចា ទាំងយន្តការក្នុងតំបន់ និងត្រៀមគ្រប់បញ្ជាការការពារនៅក្នុងករណីចាំបាច់ ផ្គួបផ្សំទៅនឹងការស្នើសុំទៅភាគីមួយចំហៀងទៀត ដើម្បីទៅដោះស្រាយបញ្ហាទៅតុលាការអន្តរជាតិឡាអេ ដែលជាភាគីទី៣ ដោះស្រាយបញ្ហា ទោះបីជាភាគីម្ខាងទៀតមិនទៅក៏កម្ពុជាទៅដែរ។
ផ្អែកទៅលើគោលការណ៍ មិនត្រូវការដីអ្នកជិតខាងសូម្បី ១មិល្លី ម៉ែត្រ ក៏ប៉ុន្តែមិនឱ្យនរណាយកដីកម្ពុជា សូម្បី ១មិល្លីម៉ែត្រដែរ ឯកឧត្តម បានបញ្ជក់ថា ការប្រើគ្រប់មធ្យោបាយដោះស្រាយ ជំហរព្រះរាជាណាចក្រកម្ពុជា គឺដោះស្រាយដោយសន្តិវិធី ស្របទៅតាមគោលការណ៍ប្រែក្លាយបន្ទាត់ព្រំដែន ឱ្យក្លាយទៅជាបន្ទាត់ព្រំដែនដែលមានសុខសន្តិភាព កិច្ចប្រតិបត្តិការ និងការអភិវឌ្ឍដើម្បីប្រយោជន៍នៃប្រទេសទាំង២ និងប្រជាជនទាំង២។ កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាដោយសន្តិវិធី ជាពិសេសស្របតាមការចរចា និងប្រើគ្រប់មធ្យោបាយទាំងទ្វេគាគីតំបន់ និងអន្តរជាតិ ប៉ុន្តែកម្ពុជា ក៏រក្សាសិទ្ធិក្នុងការការពារអធិបតីរបស់ខ្លួន ដោយកម្លាំងជាយថាហេតុណាកើតឡើង។ 
ឯកឧត្តម បានបន្ថែមថា អ្វីដែលធ្វើឱ្យឆ្លងកាត់វិបត្តិក្នុងនាមជាសង្គមជាតិ ប្រជាជាតិទាំងមូល សម្តេចតេជោតែងតែលើកឡើងជាបន្តបន្ទាប់ ហើយព្រះរាជបណ្តាំរបស់សម្តេចតាតែងតែក្រើនរំលឹក «ខ្មែររួបរួម ខ្មែរខ្លាំង»។ ពាក់ព័ន្ធរឿងអធិបតេយ្យ រឿងព្រំដែន ត្រូវការចាំបាច់ការយកចិត្តទុកដាក់ តាមដាន និងការបញ្ជូនសារគាំទ្រ កម្លាំងចិត្តនឹងផ្តល់នូវភាពជឿជាក់នូវលើការដឹកនាំរបស់រាជរដ្ឋាភិបាល។ ផ្តល់ជាកម្លាំងចិត្ត ជំនឿទុកចិត្ត និងភាពកក់ក្តៅទៅដល់កងកម្លាំងប្រដាប់អាវុធឈរជើងនៅតាមបន្ទាត់ព្រំដែន គ្រប់ទិសទីទាំងអស់ ដើម្បីឱ្យពួកគាត់ទទួលបានសារច្បាស់លាស់ថា ប្រជាពលរដ្ឋខ្មែរ ១៧លាននាក់ នៅក្រោយពួកគាត់គ្រប់កាលៈទេសៈទាំងអស់ ដែលនេះជាខឿនការពារជាតិ ប្រជាជន ដើម្បីប្រទេសជាតិ និងប្រជាជន មិនថាថ្ងៃនេះ ឬទៅអនាគត។ 
ឯកឧត្តម បានបន្ថែមទៀតថា ក្នុងនាមជាប្រជាពលរដ្ឋខ្មែរមួយរូប  សូមអំពាវនាវដល់ប្រជាជន ក្មេង យុវជន យុវនារីខ្មែរនៅគ្រប់ទិសទី សូមឱ្យមានការតាមដានដោយយកចិត្តទុកដាក់ ការចូលរួមផ្តល់នូវកម្លាំងចិត្ត និងជំនឿទុកចិត្ត ព្រមទាំងការចូលរួមនូវភាពកក់ក្តៅជូនទៅដល់រាជរដ្ឋាភិបាល ជាពិសេសសម្តេចមហាបវរធិបតី ក៏ដូចជាកងកម្លាំងប្រដាប់អាវុធរបស់យើង នៅទូទាំងប្រទេស។ ការយកចិត្តទុកដាក់ ការតាមដាន ការបញ្ចេញសារ និងសំឡេង ផ្តល់ជាកម្លាំងចិត្ត ជំនឿទុកចិត្ត និងភាពកក់ក្តៅជូនទៅដល់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធនៅក្នុងពេលនេះ និងជាបន្តបន្ទាប់ទៅមុខ គឺជាចំណុចដែលមានសារៈសំខាន់ ដើម្បីចូលរួមសម្តែងដោយសកម្ម ដោយបុរេសកម្ម ហើយជាប្រចាំ កម្ពុជានឹងឆ្លងកាត់គ្រប់កាលៈទេសៈ គ្រប់បញ្ហាប្រឈម គ្រប់វិបត្តិក្នុងករណីមានការកើតឡើងជាយថាហេតុ។ ក្នុងនាមជាប្រជាជាតិខ្មែរ ត្រូវតែរួបរួម ឆ្លងកាត់គ្រប់រាល់វិបត្តិទាំងអស់ដោយជោគជ័យ៕