វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥
MC. កាលពីរាត្រីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ កម្ពុជាបានទទួលស្វាគមន៍នូវយន្តហោះដំបូងគេ របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates Airline ដែលមានទិសដៅធ្វើដំណើរពីឌូបៃ-បាងកក-មកកាន់ទឹកដីខេត្តសៀមរាប បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ប្រកបដោយសុវត្ថិភាព។ ខណៈក្រុមហ៊ុនអាកាសចរណ៍ Emirates Airline មានជំនឿថា៖ នាពេលអនាគត អាចនឹងមានជើងហោះហើរត្រង់ពីឌូបៃ មកកាន់ទីក្រុងសៀមរាបផ្ទាល់។
ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល រួមជាមួយអាជ្ញាធរខេត្តសៀមរាប បានអញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្តៅ នូវយន្តហោះដំបូងគេ របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates Airline ដែលបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។
ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលមានប្រសាសន៍ថា៖ “ប្រទេសអេមីរ៉ាតអារ៉ាប់រួម កំពុងក្លាយជាទីផ្សារយុទ្ធសាស្ត្រដ៏សំខាន់មួយសម្រាប់ប្រទេសកម្ពុជា ដូច្នេះហើយការពង្រីកការហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates នឹងជួយជំរុញទាំងវិស័យទេសចរណ៍ និងពាណិជ្ជកម្មបានកាន់តែរីកចម្រើន។ ផ្លូវហោះហើរថ្មីនេះ នឹងធ្វើឱ្យទំនាក់ទំនងទ្វេភាគីរបស់យើងកាន់តែមានភាពស៊ីជម្រៅ ក៏ដូចជាជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរផងដែរ។
លោក Nabil Sultan អនុប្រធានប្រតិបត្តិផ្នែកលក់ និងអ្នកគ្រប់គ្រងប្រចាំប្រទេសរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates Airline មានប្រសាសន៍ថា តាមរយៈការបើកជើងហោះហើរជាលើកដំបូង ដែលភ្ជាប់ពីទីក្រុងឌូបៃ ឆ្លងកាត់ក្រុងបាងកក មកកាន់ទីកដីខេត្តសៀមរាបនៃព្រះរាជាណាចក្រកម្ពុជា នេះជាការបង្ហាញនូវការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ដោយសារមើលឃើញពីសក្តានុពលរបស់កម្ពុជា ជាពិសេសខេត្តសៀមរាប នឹងបានឆ្លើយតបតម្រូវការខ្ពស់របស់អ្នកដំណើរ មកកាន់ប្រទេសកម្ពុជា។ លោកថា ក្រុមហ៊ុននឹងបន្តភ្ជាប់កម្ពុជា ទៅកាន់ពិភពលោក តាមរយៈជើងហោះហើរទៅកាន់ប៉ែកអឺរ៉ុប សហរដ្ឋអាម៉េរិក មជ្ឈិម បូព៌ា និងបណ្តាប្រទេសជាង១០០ ផ្សេងទៀតលើពិភពលោក។
លោកបន្តថា ក្រុមហ៊ុន Emirates Airline នឹងជួយផ្សព្វផ្សាយអំពីទិសដៅ និងសក្តានុពលទេសចរណ៍របស់ខេត្តសៀមរាប ដែលជាទឹកដីអច្ឆរិយៈ បេតិកភណ្ឌពិភពលោក មានប្រាសាទអង្គរវត្តនោះ ដែលទេសចរទូទាំងពិភព លោកតែងប្រាថ្នាចង់មកកម្សាន្ត។ លោកថា នេះជាឱកាសដ៏ប្រសើរមួយ ក្នុងការចូលមកកាន់ទឹកដីនៃខេត្តសៀមរាប ដោយក្រុមហ៊ុន Emirates Airline ពិតជារីករាយចំពោះការស្វាគមន៍យ៉ាងកក់ក្តៅពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងទេសចរណ៍ និងតួអង្គពាក់ព័ន្ធនានា។ បន្ថែមពីនេះ តាមរយៈសក្តានុពលរបស់ខេត្តសៀម រាប ដែលអាចពន្យារ ពេលនៃការស្នាក់នៅ ដើរកម្សាន្តរបស់ទេសចរទូទាំងពិភពលោក នេះជាជំហានដំបូង ការតភ្ជាប់ជើងទិសដៅពីទីក្រុងឌូបៃ មកបាងកក មកកាន់ទីក្រុងសៀមរាប-អង្គរ ខណៈនាពេលអនាគត ក្រុមហ៊ុនមានជំនឿថា អាចនឹងមានសក្តានុពលធំជាងនេះ គឺការតភ្ជាប់ជើងហោះហើរត្រង់ពី ឌូបៃ មកកាន់ទីក្រុងសៀមរាបផ្ទាល់។
សូមជម្រាបថា ចាប់ពីថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០២៥តទៅ ក្រុមហ៊ុនអាកាសចរណ៍ Emirates Airline នឹងដាក់ឱ្យដំណើរការជើងហោះហើរប្រចាំសប្តាហ៍ចំនួនបីជើង ក្នុងមួយសប្តាហ៍ ដែលតភ្ជាប់ពីទីក្រុងសៀមរាប ទៅទីក្រុងឌូបៃ និងទៅកាន់គោលដៅជាង ១៤០ ជុំវិញពិភពលោក៕