វិទ្យុជាតិកម្ពុជា ឈួន សំអាត ៥.៦.២០២៥
ភ្នំពេញ ÷ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការ ផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយមនៃព្រឹទ្ធសភា (គណៈកម្មការទី៣) នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០២៥នេះបានអញ្ជើញដឹកនាំកិច្ចប្រជុំរវាងគណៈកម្មការនានា នៃព្រឹទ្ធសភា ជាមួយតំណាងរាជរដ្ឋាភិបាលដឹកនាំដោយឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីជលផល នៅសាលប្រជុំពិសេស៣ វិមានព្រឹទ្ធសភា។
គួរបញ្ជាក់ជូនថា សេចក្តីព្រាងច្បាប់ស្តីពីជលផលនេះ រួមមាន១៥ជំពូក ១០៤មាត្រា និងមានឧបសម្ព័ន្ធចំនួន២ ដែលរៀបចំឡើង ក្នុងគោលបំណងគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍវិស័យជលផលឱ្យមានប្រសិទ្ធភាព សំដៅបន្តធានាសន្តិសុខស្បៀង ប្រកបដោយនិរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន ព្រមទាំងការពារសិទ្ធិនិងផលប្រយោជន៍របស់ប្រជានេសាទ សហគមន៍នេសាទ វារីវប្បករ និងអាជីវករ ស្របតាមបរិបទនៃការរីកចម្រើនសេដ្ឋកិច្ចសង្គមនិងបច្ចេកវិទ្យា និងចូលរួមក្នុងការគ្រប់គ្រងនិងអភិរក្សធនធានជលផល ប្រកបដោយនិរន្តរភាព ក្នុងក្របខ័ណ្ឌតំបន់និងអន្តរជាតិ ជាពិសេសប្រឆាំងនឹងសកម្មភាពពាក់ព័ន្ធនឹងការនេសាទ ខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានបញ្ញត្តិផងដែរ៕