ឯកឧត្តមបណ្ឌិត គិន ភា មានសុទិដ្ឋិ និយមថា ការលើកយកបញ្ហាព្រំដែន រវាងកម្ពុជា-ថៃ ទៅកាន់ ICJ កម្ពុជានឹងទទួលបានជោគជ័យ ដូចដែលកម្ពុជាធ្លាប់ឈ្នះកន្លងមក

Narith | ថ្ងៃទី 05 ខែ មិថុនា ឆ្នាំ 2025

 

វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ (០៥ ០៦ ២០២៥)

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិតសភាកម្ពុជា បានបង្ហាញសុទិដ្ឋិនិយមថា ការនាំយកបញ្ហាព្រំដែន រវាងកម្ពុជា និងថៃ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) គឺជារឿងត្រឹមត្រូវ ខណៈកម្ពុជា នៅតែមានប្រៀបឈ្នះ ដូចករណីប្រសាទព្រះវិហារដែរ ដោយសម្អាងលើលិខិតតុបករណ៍អន្តរជាតិ ។

ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នាពេលថ្មីៗនេះ ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិតសភាកម្ពុជា បានលើកឡើងថា ការនាំយកបញ្ហាព្រំដែន រវាងកម្ពុជា និងថៃ ជាពិសេសពាក់ព័ន្ធជាមួយនឹងប្រសាទតាមាន់ធំ ប្រសាទតាមាន់តូច ប្រសាទតាក្របី និងតំបន់មុំ៣ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ គឺជារឿងត្រឹមត្រូវ និងល្អ ដែលធ្វើដំណាលគ្នាជាមួយយន្តការការទូតទ្វេភាគីដែលមានស្រាប់ ដែលសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ គឺយន្តការ JBC ដែលកំពុងជំរុញ ។
បន្ថែមលើនេះ ក្នុងករណីភាគីថៃ នៅតែរំលោភបំពានដោយកម្រោល ដោយកម្លាំងបាយ ត្រូវបានឯកឧត្តមបណ្ឌិត យល់ឃើញថា កម្ពុជា ក៏ត្រូវត្រៀមលក្ខណៈដើម្បីឆ្លើយតប ដោយសមាមាត្រ ដោយមិនអាចគេបំពានបានទេ ។
ឯកឧត្តមបណ្ឌិត គិន ភា បានលើកឡើងថា ឯកឧត្តមមានសុទិដ្ឋិនិយម សម្រាប់ដំណើរការក្តីលើកនេះ ក៏ដូចជារឿងក្តីលើកមុនៗដែរ ពោលឆ្នាំ១៩៦២ ទទួលជោគជ័យ និងឆ្នាំ២០១៣ទទួលជោគជ័យ ពីលទ្ធផលនៃតុលាការយុត្តិធម៌អន្តរជាតិ ដោយហេតុថា ឯកសារសម្អាងហេតុ ឯកសារផ្លូវច្បាប់ ដែលជាលិខិតតុបករណ៍ ដែលមានស្រាប់គឺនៅរក្សាដដែល សន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤, ១៩០៧ អនុស្សរណៈយោគយល់គ្នា រវាងថៃ និងកម្ពុជា ឆ្នាំ២០០០ និងកិច្ចព្រមព្រៀងដទៃទៀត ដែលប្រទេសទាំងពីរបានចុះហត្ថលេខា ។
ឯកឧត្តមបណ្ឌិត បន្តថា កម្ពុជា តែងតែសម្អាងទៅលើលិខិតតុបករណ៍អន្តរជាតិ ដែលភាគីទាំងពីរជាហត្ថលេខី ទៅលើកិច្ចព្រមព្រៀងជាយន្តការទ្វេភាគី ហើយអ្វីដែលកម្ពុជាសម្អាងខ្លាំងមែនទែន គឺភាពត្រឹមត្រូវនៃខ្សែបន្ទាត់ព្រំដែនរបស់កម្ពុជា និងអះអាងថា កម្ពុជា មិនដែលធ្លាប់បានទៅរំលោភបំពានព្រំដែន ជាមួយបណ្តាប្រទេសជិតខាងខ្លួនឡើយ ខណៈដែលកម្ពុជា រក្សានូវព្រំដែនដែលជាមរតក បន្សល់ពីអាណានិគម ដែលបានទទួលស្គាល់ ។
 "ខ្ញុំមានសុទិដ្ឋិនិយមថា ដំណើរការក្តីរឿងនេះ ប្រសិនបើវាដល់កម្រិតថា យើងត្រូវតែយកបញ្ហានេះទៅតុលាការយុត្តិធម៌អន្តរជាតិ ខ្ញុំក៏មានសុទិដ្ឋិនិយម ដូចដែលព្រះករុណា លោកធ្លាប់បានធ្វើពីចុងទសវត្សរ៍ឆ្នាំ៥០ ហើយទទួលបានជោគជ័យនៅដើមទសវត្សរ៍៦០ ដូចដែលរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ កាលពីឆ្នាំ២០១១ ហើយយើងទទួលជោគជ័យនៅឆ្នាំ២០១៣ ហើយលើកនេះដូចគ្នា ខ្ញុំគិតថា ពីព្រោះយើងសម្អាងទៅលើឯកសារដដែល ពីព្រោះខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ ដូចខ្ញុំបានបញ្ជាក់អញ្ជឹង គឺជាខ្សែបន្ទាត់សម្អាង ទៅលើសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤-១៩០៧ ទោះជាក្នុងស្ថានភាពណា ក៏យើងនៅប្រើលិខិតតុបករណ៍អន្តរជាតិដដែល"។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ មានការប៉ះទង្គិចគ្នាមួយ កើតឡើងរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ដែលបានកើតឡើង នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយកងទ័ពថៃ បានធ្វើការបាញ់ប្រហារមុនមកលើលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជា ជាយូរលង់ណាស់មកហើយ បណ្តាលឱ្យបាត់បង់ជីវិតកងទ័ពកម្ពុជាម្នាក់៕

ឯកឧត្តមបណ្ឌិត គិន ភា មានសុទិដ្ឋិ និយមថា ការលើកយកបញ្ហាព្រំដែន រវាងកម្ពុជា-ថៃ ទៅកាន់ ICJ កម្ពុជានឹងទទួលបានជោគជ័យ ដូចដែលកម្ពុជាធ្លាប់ឈ្នះកន្លងមក