វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី០៥ ៦ ២៥
អន្តរជាតិ៖ បើយោងទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក Kin Jong Un បានអះអាងដល់លេខាធិការក្រុម ប្រឹក្សាសន្តិសុខរុស្ស៊ី ថា ទីក្រុងព្យុងយ៉ាងនឹងបន្តគាំទ្រទីក្រុងម៉ូស្គូ ក្នុងកិច្ចការអន្តរជាតិ រួមទាំងស្ថានការណ៍នៅអ៊ុយក្រែនផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។ តាមសារព័ត៌មាន KCNA បាននិយាយថា "លោក គីម ជុងអ៊ុន បានបញ្ជាក់ថា នាពេលខាងមុខ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតប្រជាធិប តេយ្យកូរ៉េ នឹងគាំទ្រដោយឥតលក្ខខណ្ឌចំពោះជំហររបស់រុស្ស៊ី និងគោលនយោបាយការបរទេសរបស់ខ្លួនក្នុងគ្រប់បញ្ហានយោបាយអន្តរជាតិសំខាន់ៗ រួមទាំងបញ្ហាអ៊ុយក្រែន និងគោរពតាមមាត្រានៃសន្ធិសញ្ញារវាងកូរ៉េខាងជើង និងរុស្ស៊ី"។ លោកបានមានប្រសាសន៍ថា "លោករំពឹងថា រុស្ស៊ីនឹងឈ្នះយ៉ាងពិតប្រាកដក្នុងបុព្វហេតុដ៏ពិសិដ្ឋនៃយុត្តិធម៌សម្រាប់ការពារអធិបតេយ្យភាពជាតិ បូរណភាព ទឹកដី និងផលប្រយោជន៍សន្តិសុខ" ដោយលោកបានបន្ថែមថា មេដឹកនាំកូរ៉េខាងជើងសូមជូនពរដល់ប្រជាជនរុស្ស៊ី "ឱ្យមានជ័យជម្នះជារៀងរហូតភាពរុងរឿង និងសុភមង្គល"។ គួរបញ្ជាក់ថា កិច្ចប្រជុំនេះត្រូវបានធ្វើឡើងក្នុងបរិយាកាសមិត្តភាពនៃការទុកចិត្តគ្នា ដោយភាគីទាំងពីរបានពិភាក្សាអំពីស្ថានភាពជុំវិញអ៊ុយក្រែន និងរបៀបវារៈអន្តរជាតិ ហើយការពិភាក្សាក៏បានបញ្ជាក់ពីការឯកភាព នៃជំហររបស់ភាគីទាំងពីរផងដែរ៕