ភាពស្អាត បៃតង និងចីរភាព គឺជាសមិទ្ធផលរបស់ក្រសួងបរិស្ថាន ដោយបានកាត់បន្ថយប្លាស្ទិកនៅក្នុងប្រទេសកម្ពុជាជាអតិបរមា

Narith | ថ្ងៃទី 05 ខែ មិថុនា ឆ្នាំ 2025

 

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ០៥.០៦.២០២៥

នាយកប្រតិបត្តិនៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា  ( NGO Forum on Cambodia) ដែលបានចូលរួមក្នុងទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា នៅបរិវេណ ពហុកីឡដ្ឋានជាតិមរតកតេជោ បានលើកឡើងថា តាមរយៈភាពស្អាត ភាពបៃតង និងចីរភាព ដែលជាសមិទ្ធផលរបស់ក្រសួងបរិស្ថាន នឹងចូលរួមកាត់បន្ថយសំណល់ប្លាស្ទិក និងកសាងបរិស្ថានកម្ពុជាឱ្យកាន់តែមានភាពស្អាត និងស្រស់បំព្រង ។

  លោក សឿង សារឿន នាយកប្រតិបត្តិ នៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា  - NGO Forumon Cambodia  ដែលបានចូលរួមក្នុងទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៥ នាបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ បានលើកឡើងពីការពេញចិត្តចំពោះការរៀបចំទិវានេះ ដែលនឹងចូលរួមលើកកម្ពស់ការយល់ដឹងដល់ប្រជាពលរដ្ឋទាំងអស់ពីបញ្ហាបរិស្ថាន និងជំរុញចលនាឱ្យបានផុសផុល ក្នុងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងសំរាមប្លាស្ទិក និងបង្កើនគម្របព្រៃឈើ ដើម្បីរួមគ្នាការពារភពផែនដី ឱ្យមានភាពស្អាត បៃតង និងចីរភាព សម្រាប់ជាឧត្តមប្រយោជន៍ដល់សង្គម និងមនុស្សជាតិ គ្រប់ជំនាន់ ។
លោកបានបន្តថា  ក្នុងនាមជានាយកប្រតិបត្តិដែលបានចូលរួមយ៉ាងផុសផុលជាមួយក្រសួងបរិស្ថាននិងស្ថាប័នពាក់ព័ន្ធ គឺបានឃើញច្បាស់ពីការតាំងចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងការបំពុលដោយប្លាស្ទិក តាមរយៈយុទ្ធនាការមួយចំនួន រួមមាន៖ យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ«ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ហើយក៏មានការចូលរួមពីមហាជនប្រមាណជាង១១លាននាក់ យុទ្ធនាការ«កម្ពុជាស្អាតខ្មែរធ្វើបាន» យុទ្ធនាការ«ផ្លូវស្អាតគ្មានសំរាមសំណល់ប្លាស្ទិក» យុទ្ធនាការ«សម្អាតលើផ្ទៃទឹក »គឺសម្អាតសំរាមចេញពីទន្លេ ការទប់ស្កាត់ការបង្ហូរទឹកកខ្វក់ចូលក្នុងទន្លេ យុទ្ធនាការ«ភាពស្អាតលើមេឃ» តាមរយៈការអនុវត្តគោលនយោបាយផ្ទៃមេឃពណ៌ខៀវ ។ 
 « ខ្ញុំយល់ឃើញថា នៅក្នុងអាណត្តិនេះក្រោមការអនុវត្ត ផែនការចក្ខុតក្រារបស់ក្រសួងបរិស្ថាន ដែលសំដៅទៅលើភាពស្អាត បៃតង និងនិរន្តរភាព គឺឃើញថា តាមរយៈយុទ្ធនាការមួយចំនួន ដែលបានដាក់ចេញ ដូចជា៖ យុទ្ធនាការ ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ ខ្មែរ អាចធ្វើបាន ជាដើម គឺជាយុទ្ធនាការដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋកម្ពុជាទាំងអស់។ ហើយសម្រាប់សង្គមស៊ីវិល អង្គការដៃគូពាក់ព័ន្ធទាំងអស់ គឺឃើញថា មានការផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដើម្បីអនុវត្តការងាររួមគ្នា ជាពិសេសនៅក្នុងយុទ្ធនាការពន្លកបៃតង ដែលយុទ្ធនាការ ដាំដើមឈើមួយលានដើមជារៀងរាល់ឆ្នាំ ហើយសម្រាប់អង្គការរបស់ខ្ញុំផ្ទាល់ ក៏ដូចជាសមាជិកនៃអង្គការដៃគូ ដែលកំពុងតែធ្វើការនៅក្នុងព្រះរាជាណាចក្រកម្ពុជាទាំងនេះ គឺជារឿងសំខាន់ ដើម្បីយើងអាចធ្វើការរួមគ្នា ជាពិសេសជាមួយក្រសួងបរិស្ថាន ក៏ដូចជាអាជ្ញាធរថ្នាក់ក្រោមជាតិ ដើម្បីធ្វើយ៉ាងណាឱ្យប្រទេសកម្ពុជា កាន់តែមានភាពស្រស់បៃតង ស្រស់បំព្រង និងមានការចូលរួមអភិរក្សព្រៃឈើដែលមានស្រាប់ ជាពិសេសគឺការដាំបន្ថែមនៅក្នុងតំបន់ដែលសឹករេចរិល  ជាពិសេសនោះគឺចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក រួមទាំងខ្ញុំផ្ទាល់ គឺមិនប្រើប្រាស់ថង់ប្លាស្ទិកនោះឡើយ » ។ 
លោកស្រី រដ្ឋា មន្ត្រីនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ដែលបានចូលរួមក្នុងទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៥ បានបង្ហាញពីភាពសប្បាយរីករាយ ដោយបានកត់សម្គាល់ថា ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ពីមួយឆ្នាំទៅមួយឆ្នាំ កាន់តែទទួលបានការចាប់អារម្មណ៍ និងការចូលរួមពីបុគ្គលជាពិសេសអង្គការដៃគូសំខាន់ៗ ដែលបានចូលរួមគាំទ្រ និងផ្តល់អនុសាសន៍ល្អៗ សម្រាប់ជាធាតុចូលក្នុងការកំណត់អាទិភាពការងារ ក៏ដូចជាកំណត់នូវវិធានការសំខាន់ៗ សម្រាប់ដោះស្រាយបញ្ហាដែលកំពុងតែជួបប្រទះនាពេលបច្ចុប្បន្ន ។
សូមបញ្ចាក់ថា ទិវាបរិស្ថានជាតិនិងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នំា២០២៥ ប្រារព្ធឡើងក្រោមប្រធានបទ «ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក» ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ នាបរិវេណ ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលមានទីតាំងនៅក្នុងសង្កាត់ ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ៕

ភាពស្អាត បៃតង និងចីរភាព គឺជាសមិទ្ធផលរបស់ក្រសួងបរិស្ថាន ដោយបានកាត់បន្ថយប្លាស្ទិកនៅក្នុងប្រទេសកម្ពុជាជាអតិបរមា
ភាពស្អាត បៃតង និងចីរភាព គឺជាសមិទ្ធផលរបស់ក្រសួងបរិស្ថាន ដោយបានកាត់បន្ថយប្លាស្ទិកនៅក្នុងប្រទេសកម្ពុជាជាអតិបរមា
ភាពស្អាត បៃតង និងចីរភាព គឺជាសមិទ្ធផលរបស់ក្រសួងបរិស្ថាន ដោយបានកាត់បន្ថយប្លាស្ទិកនៅក្នុងប្រទេសកម្ពុជាជាអតិបរមា