ក្រសួងទេសចរណ៍ នឹងរៀបចំព្រឹត្តិការណ៍ជាច្រើន ដើម្បីទាក់ទាញទេសចរចិន មកកម្ពុជា ជាការអនុវត្តយុទ្ធនាការ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥»

Narith | ថ្ងៃទី 06 ខែ មិថុនា ឆ្នាំ 2025

 

វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ (០៦ ០៦ ២០២៥)

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ថា ក្រសួងទេសចរណ៍ នឹងមានការរៀបចំព្រឹត្តិការណ៍ធំៗជាច្រើន សម្រាប់អនុវត្តយុទ្ធនាការ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥» ដើម្បីជាការទាក់ទាញ និងត្រៀមទទួលភ្ញៀវទេសចរចិន មកកាន់ប្រទេសកម្ពុជាកាន់តែច្រើន ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន នាពេលថ្មីៗនេះ ឯកឧត្តម ជុក ជំនោរ បានគូសរំលេចថា សម្រាប់ព្រឹត្តិការណ៍ធំៗជាអាទិ៍រួមមាន៖ ពិធីបុណ្យតន្រ្តីអន្តរជាតិ (Music festival), មហោស្រព្យសិល្បៈតាមដងផ្លូវអន្តរជាតិ, មហោស្រព្យក្បាច់គុនចម្រុះ, ការផ្សព្វផ្សាយការទូតម្ហូបអាហារ, សន្និសីទទេសចរណ៍អន្តរជាតិ កម្ពុជា-ចិន, វេទិកាផ្គូផ្គងធុរកិច្ចទេសចរណ៍, ផ្លាស់ប្ដូរទូតសុឆន្ទៈទេសចរណ៍, ផ្សព្វផ្សាយទេសចរណ៍ភាពយន្តកម្ពុជា-ចិន, ការទទួលប្រតិភូសារព័ត៌មានចិនមកកម្ពុជា, ការបើករថយន្តទេសចរណ៍ឆ្លងកាត់ព្រំដែនកម្ពុជា-ចិន, Cambodia Festival នៅចិន និងការបង្ហាញទេសចណ៍ ក្នុងរដូវកាលបៃតងកម្ពុជាទៅកាន់ប្រទេសចិន។
ក្នុងនោះឯកឧត្តមបណ្ឌិត គូសបញ្ជាក់ថា ពិធីបុណ្យតន្ត្រីទេសចរណ៍អន្តរជាតិកម្ពុជា-ចិន (Music Festival) ពិតជាមានសារៈសំខាន់ណាស់ ដោយកម្ពុជា និងចិនមានសិល្បៈចម្រុះជាច្រើន សម្រាប់បង្ហាញអំពី វប្បធម៌ អរិយធម៌ នៃប្រទេសទាំង២។ កន្លងមក កម្ពុជានិងចិន ធ្លាប់បានសម្ដែងសិល្បៈរួមគ្នា ដោយកម្ពុជាមាន ហនុមាន តំណាងស្ដេចស្វាកម្ពុជា និងចិន មាន សិន អ៊ូខុង តំណាងស្ដេចស្វារចិន។
"ក្រៅពីនោះ យើងក៏គ្រោងរៀបចំ នូវព្រឹត្តិការណ៍មួយ យើងហៅថា Cambodia Festival ជាព្រឹត្តិការណ៍ ផ្សព្វផ្សាយកម្ពុជារួមតែម្តង នៅទីផ្សារចិន ហើយប្រហែលជាអាចគ្រោងរៀបចំនៅខេត្តជាំងស៊ូ ពីព្រោះឯកឧត្តម XU Kunlin អភិបាលនៃរដ្ឋបាលប្រជាជនខេត្តជាំងស៊ូ ដែលអញ្ជើញមកធ្វើទស្សនកិច្ចនោះ ក៏មានចំណាប់អារម្មណ៍ ហើយរង់ចាំទទួលស្វាគមន៍ ប្រតិភូកម្ពុជា និងឯកឧត្តម រដ្ឋមន្ត្រីផងដែរ ក្នុងការរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយពីកម្ពុជាយើងមួយ ដែលយើងដាក់ឈ្មោះថា Cambodia Festival ហើយនឹងអាចរៀបចំនៅក្នុង អាចថានៅក្នុងអំឡុងត្រីមាសទី៣ ឆ្នាំ២០២៥នេះ" ។
បន្ថែមលើនេះ ឯកឧត្តមបណ្ឌិត ក៏បានបន្ថែមថា នៅមានព្រឹត្តិការណ៍ជាច្រើនទៀត ដូចជាការរៀបចំព្រឹត្តិការណ៍ការទូតទេសចរណ៍ម្ហូបអាហារ រវាងប្រទេសទាំងពី ពោលគឺផ្លាស់ប្ដូររសជាតិ ម្ហូបអាហារទៅវិញទៅមក ដោយ ចិនមានម្ហូបប្រចាំតំបន់ចំនួន៨ ចំណែក កម្ពុជាមានម្ហូបប្រចាំតំបន់ដូចជា នំបញ្ចុក អាម៉ុក បង្អែមខ្មែរ នំខ្មែរជាច្រើនប្រភេទ។ ក្នុងន័យនេះ ការផ្លាស់ប្ដូរម្ហូបអាហារទៅវិញទៅមក ក៏ជាការលើកកម្ពស់កិត្តិនាមរបស់ប្រទេសកម្ពុជាទៅលើ ទីផ្សារអន្តរជាតិផងដែរ៕

ក្រសួងទេសចរណ៍ នឹងរៀបចំព្រឹត្តិការណ៍ជាច្រើន ដើម្បីទាក់ទាញទេសចរចិន មកកម្ពុជា ជាការអនុវត្តយុទ្ធនាការ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥»