វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី០៦ ៦ ២៥
អន្តរជាតិ៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិកបាននិយាយថា សហរដ្ឋអាម៉េរិក និងចិន នឹងបើកកិច្ចចរចាពាណិជ្ជកម្មឡើងវិញ បន្ទាប់ពីលោកមានកិច្ចពិភាក្សាតាមទូរស័ព្ទជាមួយលោក ស៊ី ជីនពីង ប្រធានាធិបតីចិន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ដោយកិច្ចសន្ទនាជាមួយលោក ស៊ី ជីនពីង ប្រព្រឹត្តទៅយ៉ាងល្អប្រសើរ លោក ត្រាំ បាននិយាយថា ភាពតានតឹងពាណិជ្ជកម្មរវាងប្រទេសទាំង២ អាចនឹងត្រូវបានដោះស្រាយក្នុងពេលឆាប់ៗ ហើយកិច្ចពិភាក្សាជាបន្តបន្ទាប់ទៀតនឹងត្រូវធ្វើឡើងរវាងក្រុមមន្ត្រីនៃប្រទេសទាំង២។ លោក ត្រាំ ក៏បានឱ្យដឹងទៀតថា លោក និងលោក ស៊ី ជីនពីង ថែមទាំងអញ្ជើញគ្នាធ្វើទស្សនកិច្ចទៅវិញទៅមក ទៀតផង។ គួរបញ្ជាក់ថា បើតាមលោក ត្រាំ កិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោក ស៊ី ជីនពីង កាលពីថ្ងៃព្រហស្បតិ៍ គឺផ្ដោតស្ទើរតែទាំងស្រុងលើពាណិជ្ជកម្ម ដោយមិនមានពាក់ព័ន្ធនឹងបញ្ហាភូមិសាស្ត្រនយោបាយដទៃទៀតដូចជាអ៉ីរ៉ង់ និងអ៊ុយក្រែននោះឡើយ៕