វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន
អន្តរជាតិ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន កំពុងដឹកនាំគណៈប្រតិភូមកពីទីភ្នាក់ងាររដ្ឋាភិបាល ធុរកិច្ច និងសមាគមកសិកម្មវៀតណាមទៅកាន់សហរដ្ឋអាម៉េរិកចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែមិថុនា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Vietnam Plus។ ដំណើរទស្សនកិច្ចនេះមានគោលបំណងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី និងស្វែងរកឱកាសពង្រីកការនាំចូលផលិតផលកសិ-រុក្ខា ប្រមាញ់-នេសាទ របស់សហរដ្ឋអាម៉េរិក ក្នុងការផ្លាស់ប្តូរដើម្បីធ្វើឱ្យមានតុល្យភាពពាណិជ្ជកម្មទ្វេភាគី។ ទន្ទឹមនឹងកិច្ចខិតខំប្រឹងប្រែង ធុរកិច្ចវៀតណាមក៏កំពុងស្វែងរកដំណោះ ស្រាយបច្ចេកវិទ្យាវិទ្យាសាស្ត្រ ដើម្បីបង្កើនខ្សែសង្វាក់តម្លៃកសិកម្មផងដែរ។ លោករដ្ឋមន្ត្រីបានកត់សម្គាល់ថា ខណៈដែលវៀតណាម និងអាម៉េរិកមានចំណុចខ្លាំងក្នុងវិស័យកសិកម្ម ផលិតផលរបស់ពួកគេគួរតែបំពេញបន្ថែមជាជាងប្រកួត ប្រជែងដោយផ្ទាល់ជាមួយគ្នាទៅវិញ ទៅមក។ លោកបានសង្កត់ធ្ងន់ថា ដោយមានការចូលរួមយ៉ាងសកម្មពីរដ្ឋាភិបាលទាំងពីរ វិស័យកសិកម្មរបស់ប្រទេសកំពុងមានទំនាក់ទំនងគ្នាកាន់តែខ្លាំងឡើង ការចែករំលែកខ្សែសង្វាក់ផ្គត់ផ្គង់ ការលើកកម្ពស់ការប្រកួតប្រជែង ដោយផ្តល់អត្ថប្រយោជន៍ដល់ផលិតករ និងអ្នកប្រើប្រាស់ដូចគ្នា។ លោកបាននិយាយថា សហគ្រាសវៀតណាមគាំទ្រយ៉ាងខ្លាំងក្នុងការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលតាមរយៈការបង្កើនការនាំចូលផលិតផលកសិកម្មសំខាន់ៗរបស់អាម៉េរិក ដើម្បីជួយធ្វើឱ្យមានតុល្យភាពពាណិជ្ជកម្មទ្វេភាគី ពង្រឹងសមាហរណកម្មខ្សែសង្វាក់ផ្គត់ផ្គង់កសិកម្មរបស់ប្រទេសទាំងពីរ និងធានាសន្តិសុខស្បៀងពិភពលោក៕