អាល្លឺម៉ង់ និងអឺរ៉ុប បន្ដគាំទ្រអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទនៅកម្ពុជា

Narith | ថ្ងៃទី 07 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ០៦ ០៦ ២៥
ភ្នំពេញ៖ អាល្លឺម៉ង់ និងអឺរ៉ុប  បានសន្យាបន្ដគាំទ្រអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ នៅកម្ពុជាឱ្យមានការរីកចម្រើនបន្ថែមទៀត។

ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទនិងតំណាងស្ថានទូតអាល្លឺម៉ង់ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងក្រុមការងារបេសកកម្មធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងសហភាពអឺរ៉ុប (EU) កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង លោក Gidon Windecker តំណាងស្ថានទូតអាល្លឺម៉ង់បានលើកឡើងថាកម្ពុជា និងអាល្លឺម៉ងមានទំនាក់ទំនងការទូតជាមួយគ្នា ៣២ ឆ្នាំមកហើយ ដោយភាគីអាល្លឺម៉ង់បានផ្តល់ជាហិរញ្ញប្បទានសម្បទាន និងឥតសំណងមកកាន់កម្ពុជាក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ប្រមាណជាង ២ ០០០គ.ម, ស្ពានបេតុងចំនួន ៩២, ស្រះទឹកនិងអណ្តូងទឹកជាច្រើន។ បន្ថែមពីនេះ តាមរយៈគម្រោងកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា (RID4CAM) ក្រោមហិរញ្ញប្បទានរបស់ KfW, AFD និង EU ផ្លូវដែលធន់នឹងការប្រែប្រួលអាកាសធាតុប្រមាណជាង ៥២០ គីឡូម៉ែត្រទៀត នឹងត្រូវបានស្ថាបនា។ លោកក៏បានថ្លែងអំណរគុណចំពោះក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អក្នុងការអនុវត្តគម្រោង។ 
ក្នុងន័យនេះលោក Gidon Windecker បានលើកឡើងទៀតថារដ្ឋាភិបាលនៃសហព័ន្ធអាល្លឺម៉ង់ ក៏ដូចជាសហគមន៍ អឺរ៉ុប នៅតែបន្តគាំទ្រកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យកាន់តែមានភាពស្អិតល្មួតបន្ថែមទៀត។
ឯកឧត្តម ឆាយ ឫទ្ធិសែនបានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការរវាងក្រសួងអភិវឌ្ឍន៍ជនបទ ជាមួយដៃគូអភិវឌ្ឍន៍នានា ជាពិសេសជាមួយ KfW, AFD, EU កន្លងមក ដែលបានគាំទ្រយុទ្ធសាស្រ្តអាទិភាពទាំង ៥ របស់ក្រសួង ដើម្បីអភិវឌ្ឍតំបន់ជនបទកម្ពុជាឱ្យមានការរីកចម្រើន។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកជាសំណូមពរជូនដល់ដៃគូអភិវឌ្ឍន៍ដែលអញ្ជើញមកនាពេលនេះ ពិនិត្យលើលទ្ធភាពក្នុងការគាំទ្រលើការស្នើគម្រោងកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជាជំហាន២ ដោយបញ្ចូលការបណ្តុះបណ្តាលជំនាញបច្ចេកទេស, ការគាំទ្រលើប្រព័ន្ធឌីជីថលសម្រាប់គ្រប់គ្រងបញ្ជីសារពើភណ្ឌផ្លូវជនបទ, ក៏ដូចជាថវិកាបដិភាគសម្រាប់ថែទាំផ្លូវក្រោយបញ្ចប់គម្រោងផងដែរ។ 
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះស្ថានទូតអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា និងក្រុមការងារបេសកកម្មធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងសហភាពអឺរ៉ុប (EU) ដែលបានអញ្ជើញមកនាពេលនេះ និងថ្លែងអំណរគុណចំពោះការប្តេជ្ញាចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តិការនាពេលអនាគត៕