សម្តេចធិបតីហ៊ុន ម៉ាណែតអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារសិក្សា អគារទីចាត់ការ អគារសយនដ្ឋាន អគារពិសោធន៍ និង សមិទ្ធផលនានាក្នុងវិស័យអប់រំខេត្តរតនគិរី

Chuon Bona | ថ្ងៃទី 07 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា
សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធីសម្ពោធអគារសិក្សា អគារទីចាត់ការ អគារសយនដ្ឋាន អគារពិសោធន៍ និង សមិទ្ធផលនានាក្នុងវិស័យអប់រំខេត្តរតនគិរី ដែលជា អំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដើម្បីបម្រើការចូលរួមចំណែកលើកកម្ពស់គុណភាពវិស័យអប់រំ ជូនដល់ប្រជាពលរដ្ឋនៅខេត្តរតនគិរី។
តាមរបាយការណ៍ គិតមកទល់ពេលនេះសំណង់អគារសិក្សាជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា មាន ចំនួន ៤៨ខ្នង ស្មើនឹង ៣០២បន្ទប់ រួមទាំងហេដ្ឋារចនាសម្ព័ន្ធអប់រំផ្សេងៗទៀត។ សំណង់ហេដ្ឋារចនាសម្ព័ន្ធអប់រំដែលមិនទាន់បានធ្វើពិធីសម្ពោធមាន ២៦កន្លែង និង ខ្លោងទ្វារចំនួន ៤កន្លែង រួមមាន៖
អគារសិក្សា ចំនួន ១៤កន្លែង ស្មើនឹង ១១០បន្ទប់ 
អាគារទីចាត់ការ ចំនួន ៨កន្លែង ស្មើនឹង ៣២បន្ទប់
អគារសយនដ្ឋាន ចំនួន ៥កន្លែង ស្មើនឹង ៩១បន្ទប់ 
អគារពិសោធន៍ ចំនួន ១កន្លែង ស្មើនឹង ៥បន្ទប់។
ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តរតនគិរី បានសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡា ដៃគូអភិវឌ្ឍ សប្បុរសជន និងអាជ្ញាធរមូលដ្ឋាន ដោយបានខិតខំ សាងសង់ ជួសជុលអគារសិក្សា និងបើកថ្នាក់រៀននៅតាមភូមិដាច់ស្រយាល តំបន់ជួប ការលំបាក ក្នុងគោលបំណងបង្ខិតសេវាអប់រំ ឱ្យនៅជិតលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ តាមតែអាចធ្វើទៅបាន។
នៅទូទាំងខេត្ត មានមត្តេយ្យសិក្សាគ្រប់រូបភាពចំនួន ២២៨ កន្លែង, បឋមសិក្សា ចំនួន ២៣៨, អនុវិទ្យាល័យចំនួន ២២, វិទ្យាល័យចំនួន ១៨ និងសាលាឯកជនចំនួន ៥០៦កន្លែង។ ចំនួនសិស្សសរុប ៦៣.៥២៣នាក់ ស្រី ៣១.០២២នាក់ ក្នុងនោះសិស្ស ជនជាតិដើមភាគតិច ២៧.៤៧៣នាក់ ស្រី ១៣.៤៧៨នាក់ និងបុគ្គលិកអប់រំសរុប ចំនួន ១.៧១៩នាក់ ស្រី ៧៧៩នាក់។ ខេត្តបានរៀបចំគាំទ្រសាលារៀនស្តង់ដាគំរូ សាធារណៈចំនួន ៤០កន្លែង ក្នុងនោះ មត្តេយ្យសិក្សា ១កន្លែង បឋមសិក្សា ២៤កន្លែង និងមធ្យមសិក្សា១៥កន្លែង ព្រមទាំងរៀបចំគាំទ្រការផ្តល់សេវាសាធារណៈគំរូក្នុងវិស័យ អប់រំចំនួន ៣កន្លែងគឺ មត្តេយ្យសិក្សា ១កន្លែង និងវិទ្យាល័យ ២កន្លែង។
ចំណែកការអប់រំក្រៅប្រព័ន្ធរិញ ខេត្តបានអនុវត្តកម្មវិធីអក្ខរកម្មវិជ្ជាជីវៈ, កម្មវិធីក្រោយអក្ខរកម្ម, មជ្ឈមណ្ឌលសិក្សាសហគមន៍, កម្មវិធីចូលរៀនឡើងវិញ, កម្មវិធីសមមូល(បំពេញវិជ្ជា) ដែលមានសិស្សសរុប ១.៧៩៦នាក់ ស្រី ៩៤៣នាក់៕

សម្តេចធិបតីហ៊ុន ម៉ាណែតអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារសិក្សា អគារទីចាត់ការ អគារសយនដ្ឋាន អគារពិសោធន៍ និង សមិទ្ធផលនានាក្នុងវិស័យអប់រំខេត្តរតនគិរី