សម្តេចធិបតី សម្តែងការអបអរសាទរ និងជូនពរបងប្អូនម៉ូស្លីមកម្ពុជា ទាំងក្នុងនិងក្រៅប្រទេស ចំពោះការមកដល់ថ្ងៃបុណ្យរ៉ាយ៉ាហាជី

Narith | ថ្ងៃទី 07 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ (០៧ ០៦ ២០២៥)
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្តែងនូវការចូលរួមអបអរសាទរ និងជូនពរ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ជូនដល់បងប្អូនម៉ូស្លីមកម្ពុជា ទាំងក្នុងនិងក្រៅប្រទេស រួមទាំងបងប្អូនម៉ូសី្លម នៅទូទាំងសកលលោកផងដែរ ដោយរីករាយស្វាគមន៍ ថ្ងៃបុណ្យរ៉ាយ៉ាហាជី ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥នេះ បានថ្លែងថា "សម្តេច និងភរិយា សូមផ្ញើនូវក្តីនឹករលឹក និងអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះបងប្អូនម៉ូស្លីមកម្ពុជា ដែលបានចូលរួមថែរក្សាសុខសន្តិភាព ជាមួយបងប្អូនប្រជាពលរដ្ឋកម្ពុជា ប្រកបដោយសុខដុមនីយកម្មសាសនា និងជាតិសាសន៍ ស្របតាមគោលនយោបាយដឹកនាំ របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ។ សម្តេច និងភរិយា សូមជូនពរបងប្អូនម៉ូស្លីមកម្ពុជាទាំងក្នុង និងក្រៅប្រទេស សូមទទួលបាននូវរ៉ស់ម៉ាត់ ស្លើម៉ាត់ និងប៉ារ៉ាកាត់ នៅក្នុងឱកាសនៃថ្ងៃរ៉ាយ៉ាហាជី ទាំងបងប្អូនដែលកំពុងបំពេញកាតព្វកិច្ចហាជី នៅប្រទេសអារ៉ាប៊ីសាអូឌីត និងបងប្អូនម៉ូស្លីម ដែលកំពុងរីករាយសាទរ ជួបជុំញាតិមិត្តបងប្អូនផងដែរ"។
សូមបញ្ជាក់ថា ពិធីបុណ្យហាជី ជាកាតព្វកិច្ចរបស់ជនម៉ូស្លីម និងជាសសរស្តម្ភទី៥ ក្នុងសាសនាឥស្លាម ដែលត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ ៕