វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ (០៧ ០៦ ២០២៥)
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា ការអរគុណសន្តិភាព និងការអរគុណនយោបាយឈ្នះ ឈ្នះ ព្រមទាំងអរគុណការអភិវឌ្ឍក្នុងម្លប់សន្តិភាព គឺមានន័យសម្រាប់ពលរដ្ឋគ្រប់រូប ខណៈដែលប្រជាពលរដ្ឋគ្រប់បណ្តាលខេត្តនានា ត្រូវមានមោទនភាព ចំពោះសមិទ្ធផលដែលខ្លួនទទួលបាន ក្នុងនោះបើរក្សាបានសុខសន្តិភាព និងបន្តការអភិវឌ្ឍ ដែលធ្វើឱ្យក្មេងៗជំនាន់ក្រោយកាន់តែរីកចម្រើនល្អប្រសើរបន្ថែមទៀត។
ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធអគារសិក្សា អគារទីចាត់ការ អគារសយនដ្ឋាន អគារពិសោធន៍ និង សមិទ្ធផលនានា ក្នុងវិស័យអប់រំខេត្តរតនគិរី ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចធិបតី បានថ្លែងថា ខេត្តរតនគីរី ជាខេត្តមួយឆ្ងាយជាងគេ ពីរាជធានីភ្នំពេញ ក្នុងចំណោមខេត្តផ្សេងៗ ហើយបើក្រឡេកទៅមើលអតីតកាល ខេត្តមួយនេះ មានភាពលំបាក ក្នុងការធ្វើដំណើរ និងត្រូវប្រើប្រាស់រយៈពេលយូរទៀតផង តែទោះបីខេត្តរតនគីរី ជាខេត្តមួយឆ្ងាយជាងគេមែន ប៉ុន្តែមិនមែនជាខេត្តដែលរាជរដ្ឋាភិបាល មិនបានយកចិត្តទុកដាក់នោះទេ ។
ក្នុងនោះសម្តេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ពាក្យដែលឯកឧត្តម ញ៉ែម សំអឿន អានក្នុងរបាយការណ៍ តាំងពីដើមទីមក គឺការអរគុណសន្តិភាព និងការអរគុណនូវនយោបាយឈ្នះ ឈ្នះ អរគុណនូវការអភិវឌ្ឍ នៅក្នុងម្លប់សន្តិភាព គឺមានន័យសម្រាប់អ្នករតនគីរីសំខាន់ណាស់ ។
សម្តេចធិបតី កត់សម្គាល់ថា ក្មេងៗដែលកើតក្រោយសង្គ្រាម អាចមិនយល់ តែបើសួរអ្នកចាស់ៗរស់នៅរតនគីរី អាចដឹងពីការលំបាកយ៉ាងណា សម្រាប់ការរស់នៅខេត្តមួយនេះ ហើយធៀបនឹងពេលនេះ ខុសគ្នាឆ្ងាយណាស់ តែទោះជាយ៉ាងណា ការអភិវឌ្ឍក្នុងខេត្តរតនគីរី ដែលមានសមិទ្ធផលដូចចប្ចុប្បន្ននេះ មិនអាចប្រៀបធៀបទៅរាជធានីភ្នំពេញនោះទេ ។
"ពិតណាស់ ភ្នំពេញកម្រិតជីវភាព និងកម្រិតអភិវឌ្ឍខ្ពស់ជាងរតនគីរី ខ្ពស់ជាងបានលុង តែយើងមិនអាចប្រៀបធៀបបែបនេះទេ យើងត្រូវយកបានលុង ប្រៀបជាមួយបានលុងពេលមុន តើយើងការអភិវឌ្ឍនៅនឹងកន្លែងនេះ ហើយគឺជាសូចនាករ បញ្ជាក់ពីការអភិវឌ្ឍជាក់ស្តែង នេះគឺជាអ្វីដែលប្រជាពលរដ្ឋ ខេត្តរតនគីរី ជាពិសេសអ្នកខេត្ត អ្នកក្រុងបានលុង ក៏ដូចជាបណ្តាលខេត្តផ្សេងៗ សូមអបអរសាទរ ចំពោះមោទនភាព និងមានមោទនភាពចំពោះសមិទ្ធផលដែលខ្លួនបានទទួល ហើយនេះគឺជាការពិត ហើយប្រសិនបើយើងរក្សាសុខសន្តិភាព និងបន្តការអភិវឌ្ឍបែបនេះ ក្មេងៗជំនាន់ក្រោយ ១០-២០ឆ្នាំក្រោយទៀត គាត់នឹងកាន់តែប្រសើរជាងពេលនេះ ហើយនេះហើយគឺជាគោលដៅ នៃការអភិវឌ្ឍប្រទេសជាតិ អភិវឌ្ឍខេត្ត អភិវឌ្ឍស្រុក ក្រុង ដែលយើងចង់បាន គឺស្ថេរភាព ក្រោមម្លប់សន្តិភាព ហើយដើរទៅមុខជានិច្ច កុំឱ្យដើរថយក្រោយ"៕