វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ០៧ ០៦ ២៥
រតនគិរី៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសត្រៀមទទួលស្គាល់ និងទទួលយកការកាត់ក្ដីរបស់តុលាការ ICJ ចំពោះបញ្ហាតំបន់ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី ដើម្បីបញ្ចប់ភាពស្រពិចស្រពិលជាមួយប្រទេសថៃ។
ថ្លែងក្នុងពិធីសម្ពោធអគារសិក្សាអគារទីចាត់ការ អគារសយនដ្ឋាន អគារពិសោធន៍ និងសមិទ្ធផលនានាក្នុងវិស័យអប់រំខេត្តរតនគិរី ដែលជា អំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដើម្បីចូលរួមលើកកម្ពស់គុណភាពវិស័យអប់រំ ជូនដល់ប្រជាពលរដ្ឋនៅខេត្តរតនគិរី នៅព្រឹកថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ជូនសំណុំរឿងប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី និងតំបន់មុំបី ទៅកាន់តុលាការ យុត្តិធម៌អន្តរជាតិ ICJ ដើម្បីបញ្ចប់រឿងជាមួយប្រទេសថៃ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ពីជំហរបស់កម្ពុជាចំនួន៤ ចំណុចដល់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៥ ថាស្ថានការណ៍ដែលកំពុងកើតមានពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ មានដូចជា ១. កម្ពុជាប្រកាន់ខ្ជាប់នូវគោលជំហររក្សាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយថៃ ២. ការសម្រេចចិត្តរបស់កម្ពុជាដើម្បីយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) គឺដើម្បីស្វែងរកដំណោះស្រាយបញ្ហាព្រំដែននៅតំបន់ទាំងនោះដោយសន្តិវិធីឱ្យបានឆាប់ចប់ជាស្ថាពរ ជាជាងបន្សល់ទុកបញ្ហាអោយនៅបន្តស្រពិចស្រពិលរយៈពេលវែង ដែលអាចបង្កឱ្យកើតមានជាជម្លោះប្រដាប់អាវុធសារជាថ្មី ។ ៣. បន្តសហការជាមួយភាគីថៃដើម្បីជំរុញការវាស់វែង ខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ (ក្រៅពីតំបន់ទាំង៤ខាងលើ) ដោយប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះ(JBC) កម្ពុជា-ថៃ និង៤. បន្តរក្សាទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈគ្រប់យន្តការដែលមានស្រាប់ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរកម្ពុជា-ថៃ។
ជាមួយគ្នានេះ សម្តេចធិបតី ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេស ត្រូវមានការជឿទុកចិត្តលើរាជរដ្ឋាភិបាល និងកងកម្លាំង ក្នុងការដោះស្រាយបញ្ហាព្រំដែន ជាមួយភាគីថៃ ជាពិសេសតំបន់មានជម្លោះកើតឡើង ជៀសវាងរុញឱ្យមានជម្លោះបែបស្អប់ខ្ពើមជាតិសាសន៍ រវាងកម្ពុជា និងថៃ ។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ មានការប៉ះទង្គិចគ្នាមួយ កើតឡើងរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយកងទ័ពថៃ បានធ្វើការបាញ់ប្រហារមុន មកលើលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជា ជាយូរលង់ណាស់មកហើយ បណ្តាលឱ្យបាត់បង់ជីវិតកងទ័ពកម្ពុជាម្នាក់៕