សម្តេចធិបតីបញ្ជាក់ជំហរកម្ពុជា ក្នុងការដោះ​ស្រាយ​បញ្ហាព្រំដែនដោយឈរលើយន្តការចំនួន ៣ និងប្រកាន់ជំហរចំនួន៤ ចំណុច

Chuon Bona | ថ្ងៃទី 07 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖

ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីជំហរកម្ពុជា ក្នុងការដោះ​ស្រាយ​បញ្ហាព្រំដែនដោយឈរលើយន្តការចំនួន ៣៖, ទី១/​ យន្តការបច្ចេកទេស  គឺជាការខិតខំ​ដោះស្រាយព្រំដែន​​ តាមបែបបច្ចេកទេសស្របតាមឯកសារបទដ្ឋានគតិយុត្ត ដោយឈរ​លើ​ផែនទីដែល​គណៈកម្មការកំណត់ព្រំដែនបារាំង-សៀម ជាគោល គឺផែនទី ១/២០០.០០០។ ទី២/​ យន្តការអន្តរជាតិ​ គឺជាយន្តការច្បាប់អន្តរជាតិ ដោយផ្អែកលើមូលដ្ឋានអន្តរជាតិ​ ហើយ ទី៣/ យន្តការយោធា​ គឺកម្ពុជារក្សាសិទ្ធិក្នុងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ប្រសិនបើ​មាន​ការ​ឈ្លានពានបូរណភាពទឹកដី។

ជាមួយគ្នានេះ, កម្ពុជាប្រកាន់ជំហរ ៤ គឺ៖ ១/ កម្ពុជាប្រកាន់ខ្ជាប់​នូវគោល​ជំហរក្សាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយថៃ, ២/ ការសម្រេចចិត្តរបស់​កម្ពុជា​ដើម្បី​យក​បញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការ​យុត្តិធម៌អន្តរជាតិ (ICJ) គឺដើម្បីស្វែងរកដំណោះស្រាយបញ្ហាព្រំដែន​នៅតំបន់ទាំងនោះដោយ​សន្តិវិធី​ ឱ្យបានឆាប់​ចប់​ ជាស្ថាពរ ជាជាងបន្សល់ទុកបញ្ហាឱ្យនៅបន្តស្រពិចស្រពិលរយៈពេលវែង ដែលអាចបង្កឱ្យកើតមានជាជម្លោះប្រដាប់អាវុធសាជាថ្មី, ៣/​ បន្តសហការជាមួយភាគី​ថៃដើម្បី​ជំរុញ​ការវាស់វែង ខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ (ក្រៅពី​តំបន់​ទាំង៤ខាងលើ) ដោយប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះ(JBC) កម្ពុជា-ថៃ និងទី​ ៤/ បន្តទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈគ្រប់យន្តការដែលមានស្រាប់ ដើម្បីជាឧត្តម​ប្រយោជន៍​​សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ កម្ពុជា-ថៃ៕

សម្តេចធិបតីបញ្ជាក់ជំហរកម្ពុជា ក្នុងការដោះ​ស្រាយ​បញ្ហាព្រំដែនដោយឈរលើយន្តការចំនួន ៣ និងប្រកាន់ជំហរចំនួន៤ ចំណុច