វិទ្យុជាតិកម្ពុជា៖ ដោយ ចន ណារិទ្ធ
ភ្នំពេញ៖នាយប់ថ្ងៃសៅរ៌ទី៧មិថុនា២០២៥នេះនៅផ្លូវថ្មើរជើងចតុមុខ (Walking Street)សប្ដាហ៌នេះ មានរៀបចំពិធីយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់'ទីតាំងរូបសំណាក់តេជោមាស តេជោយ៉ត មុខវត្តឧណ្ណាលោម។យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់”នេះជាគំនិតផ្ដួចផ្ដើមដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ។ ក្នុងឱកាសនោះដែរក៏មានថតរូបភ្លាម បានភ្លាមដោយសេរីផងដែរ ។
ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងមន្ត្រីអមដំណើរជាច្រើននាក់ក៏មានវត្តមានក្នុងពិធីយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់”នាផ្លូវថ្មើរជើងចតុមុខនារាត្រីនោះដែរ។
គួរបញ្ជាក់ថា៖កាលពីព្រឹកថ្ងៃអាទិត្យទី១ ខែមិថុនា ឆ្នាំ២០២៥នេះ លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងឱកាសអបអរសាទរពិធីបើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានប្រព្រឹត្តទៅនៅរមណីយដ្ឋានវត្តភ្នំ។
ផ្លូវថ្មើរជើងមួយនេះកំពុងតែមានភាពពេញនិយមរហូតទទួលបានការគាំទ្រប្រជាជនខ្មែរ រួមទាំងជនជាតិបរទេសបានមកទស្សនានិងដើរលេងកំសាន្តយ៉ាងច្រើនកុះករ ពី១សប្តាហ៍ទៅមួយសប្តាហ៍។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានាពេលកន្លងមកនេះ សម្ដេចធ្លាប់បានមានប្រសាសន៍ហើយថា សម្តេចនឹងមានវត្តមានដ៏ខ្ពង់ខ្ពស់ទៅពិនិត្យនិងដើរលេងកំសាន្តនៅលើផ្លូវថ្មើរជើងចតុមុខនេះផងដែរ តែសម្តេចបវរធិបតី មិនបានបញ្ជាក់ថានឹងអញ្ជើញទៅនៅពេលណានោះទេ។
បើតាមមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ បានឱ្យដឹងដែរថា៖ នៅសប្តាហ៍នេះ ពោលគឺនៅល្ងាចថ្ងៃទី៧ និងថ្ងៃទី៨ ខែមិថុនា ទស្សនីភាពសិល្បៈខ្មែរចំនួន២ យកមកសម្តែងលើផ្លូវថ្មើរជើងចតុមុខ ដើម្បីឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិបានទស្សនា នោះគឺ របាំប្រពៃណី គោះអង្រែ និងរបាំក្បាច់បុរាណ ក្បាច់បាតយក្ស។ជាមួយគ្នានេះដែរ មន្ទីរនូវបានសំណូមពរដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរចូលរួមទស្សនាឱ្យបានច្រើនកុះករផងដែរ។
តាមរយៈភាពជោគជ័យមួយនេះផ្លូវថ្មើរជើងចតុមុខ គ្រោងនឹងបើកសម្ពោធជាផ្លូវការ នាថ្ងៃទី២១ខែមិថុនាឆ្នាំ២០២៥ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្រោយពីផ្លូវថ្មើរជើងនេះបានបើកឱ្យដំណើរការជាបណ្តោះអាសន្នអស់ជាង៤ខែ ។
គួររម្លឹកថា ផ្លូវថ្មើរជើង (Walk Street) ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញដាក់ដំណើរការសាកល្បងកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង៦ល្ងាច ដល់ម៉ោង១១យប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ស្ថិតនៅ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ៕