វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី០៩ ៦ ២៥
អន្តរជាតិ៖ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងភរិយា បានទៅសួរសុខទុក្ខគ្រួសារលោក Vo Ba Luan ម្ចាស់ភោជនីយដ្ឋាននៅទីក្រុង Nice
ដែលរស់នៅប្រទេសបារាំង ខណៈដែលមេដឹកនាំវៀតណាមរូប នេះកំពុងស្ថិតនៅប្រទេសបារាំង ដើម្បីចូលរួមសន្និសីទមហាសមុទ្រអង្គការសហប្រជាជាតិលើកទី៣ (UNOC 3)។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Vietnam Plus។ លោក Luan បាននិយាយថា លោកពិតជាមានមោទនភាពណាស់ដែលបានក្លាយជាជនជាតិវៀតណាម លោកតែងតែយកចិត្តទុកដាក់ចំពោះស្ថានភាពរបស់ប្រទេសមាតុភូមិ ហើយរំភើបចិត្តជាខ្លាំងដែលឃើញវៀតណាមមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ដោយសារការដឹកនាំ និងការគ្រប់គ្រងដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់បក្ស និងរដ្ឋ ព្រមទាំងការដឹកនាំ និងការគ្រប់គ្រងរបស់រដ្ឋាភិបាលយ៉ាងខ្លាំងក្លា និងមានប្រសិទ្ធភាព។ បច្ចុប្បន្ននេះ សហគមន៍ជនជាតិវៀតណាមនៅបារាំងមានជាង ៣០ ម៉ឺននាក់ ក្នុងនោះមានបញ្ញវន្ត ប្រមាណ ៥០,០០០នាក់ និងពាណិជ្ជកររាប់ពាន់នាក់។ នៅក្នុងទីក្រុង Nice មានប្រជាជនវៀតណាមប្រហែល ៥,០០០នាក់ ដែលភាគច្រើនជាអ្នកជំនួញផ្នែកធ្វើម្ហូបដ៏ជោគជ័យដូចលោក Luan។ សហគមន៍វៀតណាមនៅបារាំងតែងតែរួបរួមសាមគ្គីគ្នាល្អ តែងតែផ្តោតការយកចិត្តទុកដាក់លើការរក្សាអត្តសញ្ញាណវប្បធម៌ និងប្រពៃណីជាតិ ព្រមទាំងតែងតែខិតខំកសាង និងអភិវឌ្ឍន៍ចលនាសហគមន៍រឹងមាំ លើកតម្កើងស្មារតីទៅរកមាតុភូមិ និងប្រទេស៕