ស្ថានទូតចិនប្រចាំនៅទីក្រុងបាងកក៖ ប្រទេសចិនត្រៀមខ្លួនជាស្រេចដើម្បីជួយសម្រួលដល់កិច្ចចរចាកម្ពុជា-ថៃ

Narith | ថ្ងៃទី 08 ខែ មិថុនា ឆ្នាំ 2025

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី០៨ ៦ ២៥

អន្តរជាតិ៖ អ្នកនាំពាក្យស្ថានទូតចិនប្រចាំនៅទីក្រុងបាងកក បានបញ្ជាក់ថា ប្រទេសចិនប្រកាន់ខ្ជាប់នូវគោលការណ៍នៃការដោះស្រាយជម្លោះតាមរយៈការសន្ទនា និងការពិគ្រោះយោបល់ ដើម្បីរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ ។អ្នកនាំពាក្យរូបនេះបានបន្តថា ទាំងប្រទេសថៃ និងកម្ពុជា គឺជាប្រទេសជិតខាង និងជាមិត្តជិតស្និទ្ធរបស់ប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Nation។ អ្នកនាំពាក្យរូបនេះបាននិយាយថា "ប្រទេសចិនសង្ឃឹមថាភាគីទាំងពីរនឹងអនុវត្តការអត់ធ្មត់ លើកទឹកចិត្តការប្រាស្រ័យទាក់ទង និងការសន្ទនា ហើយធ្វើការឆ្ពោះទៅរកការបន្ថយស្ថានការណ៍ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន"។ តាមសេចក្តីថ្លែងការណ៍បានបន្តថា ប្រទេសចិនមានឆន្ទៈក្នុងការសម្របសម្រួលជាមួយទាំងប្រទេសថៃ និងកម្ពុជា ហើយនឹងខិតខំប្រឹងប្រែងដើម្បីគាំទ្រសន្តិភាព និងស្ថិរភាពក្នុងតំបន់៕

ស្ថានទូតចិនប្រចាំនៅទីក្រុងបាងកក៖ ប្រទេសចិនត្រៀមខ្លួនជាស្រេចដើម្បីជួយសម្រួលដល់កិច្ចចរចាកម្ពុជា-ថៃ