វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥
MC. អាជ្ញាធរជាតិអប្សរា សហការជាមួយដេប៉ាតេម៉ង់មនុស្សសាស្ត្រនៃសាកលវិទ្យាល័យហុងកុង បានរៀបចំពិព័រណ៍មិនអចិន្រ្តៃយ៍មួយ ស្តីពី«អង្គរ និងចិន៖ ក្បឿង និងជំនួញតាមផ្លូវសមុទ្រ» ដែលមានរយៈពេល៦ខែ នៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដើម្បីបង្ហាញពីភស្តតាងបុរាណវិទ្យា និង ការរកឃើញថ្មីៗ លើឧស្សាហកម្ម ផលិតកុលាលភាជន៍ក្នុងសម័យអង្គរ និងទំនាក់ទំនងជាមួយចិនលើវិស័យនេះ។
លោក ឆាយ រចនា ប្រធានការិយាល័យសិក្សាកុលាលភាជន៍អង្គរនៃមជ្ឈមណ្ឌលស្រាវជ្រាវអន្តរជាតិ និងតម្កល់ឯកសារអង្គរ បានឱ្យដឹងថា ពិព័រណ៍ស្តីពី«អង្គរ និងចិន៖ ក្បឿង និងជំនួញតាមផ្លូវសមុទ្រ» រៀបចំឡើងមានគោលបំណងបង្ហាញពីភស្តតាងបុរាណវិទ្យា ដែលបានសិក្សាស្រាវជ្រាវអស់ជាច្រើនឆ្នាំដោយអ្នកជំនាញជនជាតិខ្មែរ ជាមួយនិងបរទេស ការរកឃើញថ្មីៗ លើឧស្សាហកម្ម ផលិតកុលាលភាជន៍ក្នុងសម័យអង្គរ និងទំនាក់ទំនងជាមួយចិនលើវិស័យនេះផង។ ជាពិសេស គឺបង្ហាញនូវ ទស្សនៈថ្មីអំពីកេរ្តិ៍ដំណែលអង្គរ ក្រោមការស្វែងយល់ ការច្នៃប្រតិដ្ឋ និងទំនាក់ទំនងផ្នែកវប្បធម៌ សង្គមកិច្ច និងពាណិជ្ជកម្មជាមួយប្រទេសចិន។ លោកថា ពិព័រណ៍ខាងលើ ចាប់ផ្តើមពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ដោយទេសចរជាតិនិងអន្តរជាតិអាចចូលទស្សនា និងសិក្សាស្វែងយល់អំពីពិព័រណ៍នេះ ក៏ដូចជា ទស្សនានូវវត្ថុសិល្បៈយ៉ាងសម្បូរបែបផ្សេងទៀត ដែលបានជួសជុល អភិរក្ស និងថែរក្សាទុកនៅក្នុងសារមន្ទីរ។
អ្វីដែលប្លែកនៅទីនេះគឺយើងបង្ហាញភស្តតាងនៃឧស្សាហកម្ម ឧស្សាហកម្មដែលយើងប្រើប្រាស់ ដែលផ្គត់ផ្គង់ថែមទៅលើប្រាសាទ ដូចថាយើងផលិតក្បឿង ក្រៅពីក្បឿងក៏យើងផលិតក្អមឆ្នាំង ដន្លាប់ កូនក្រឡ កូនពាង ដែលផលិតផលហ្នឹងប្រជាជននៅសម័យអង្គរនិយមប្រើ។ ទន្ទឹមនិងការប្រើប្រាស់ ដូចខ្ញុំថាអ៊ីចឹង យើងស្រាវជ្រាវយើងឃើញថា ចិនក៏មានការនាំចូលលផលិតផលរបស់ខ្លួនដែរ ឧទាហរណ៍ថា៖ដូចចានគោម មានដន្លាប់ មានក្រឡអីដូចគ្នាដែរ គឺយើងប្រើទាំងអស់គ្នា បានន័យថានៅក្នុងសង្គមខ្មែរយើងប្រើទាំងផលិតផលខ្មែរនិងផលិតផលនាំចូលមកពីចិនជាពិសេសហ្នឹង។ សំខាន់បំផុតនៅទីនេះ ក្រៅពីអ្វីដែលយើងតាំងពិព័រណ៍ថ្មីនេះ ទាក់ទងនិងផលិតផលភាជន៍ ដែលផ្គត់ផ្គង់មួយចំនួនទៅលើសំណង់ប្រាសាទ គ្រឿងដំបូលអីហ្នឹង ក៏យើងមានតាំងពិព័រណ៍ភាគច្រើនរបស់បានមកពីកំណាយ។
សូមជម្រាបថា សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ មានទីតាំងក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។ សារមន្ទីរបើកឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលទស្សនាចាប់ពីថ្ងៃអង្គារ ដល់ថ្ងៃអាទិត្យ វេលាម៉ោង៨:៣០នាទីព្រឹក ដល់ម៉ោង៤:៣០ល្ងាច។ ទេសចរជាតិ និងអន្តរជាតិអាចចូលទស្សនា និងសិក្សាស្វែងយល់ពីវត្ថុសិល្បៈយ៉ាងច្រើនសម្បូរបែប ដែលបានជួសជុល អភិរក្ស និងថែរក្សាយ៉ាងយកចិត្តទុកដាក់ពីអ្នកជំនាញ៕