វិទ្យុជាតិកម្ពុជា អេង នារីរតន៍ ថ្ងៃ៩ ខែមិថុនា ឆ្នាំ២០២៥
ភ្នំពេញ ៖ ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានលើកឡើងថា នយោបាយ "ឈ្នះឈ្នះ" របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន គឺជាស្នូលនៃដំណោះស្រាយបញ្ហារបស់មេដឹកនាំកម្ពុជា។
ការលើកឡើងរបស់ឯកឧត្តមអ្នកនាំពាក្យនេះ ក្រោយពីទទួលបានព័ត៌មានស្តីពីការសម្រួលកងទ័ពរវាងប្រទេសទាំងពីរកម្ពុជា ថៃដើម្បីបញ្ចៀសសង្គ្រាមទ្រង់ទ្រាយធំមួយដែលហៀបនឹងផ្ទុះឡើងទៅហើយនោះ មានប្រជាពលរដ្ឋខ្មែរជាច្រើនបានសាទរ និងធូរទ្រូង ប៉ុន្តែ ក៏មានពលរដ្ឋមួយចំនួនហាក់មិនអស់ចិត្តចំពោះព័ត៌មាននេះ ។
ឯកឧត្តម ប៉ែន បូណា បានមានប្រសាសន៍ថា បើសិនជាផ្ទុះសង្គ្រាមរវាងប្រទេសកម្ពុជា-ថៃនោះប្រទេសទាំងពីរនឹងខ្ទេចខ្ទាំ ហើយធ្លាក់ខ្លួនយ៉ាប់យ៉ឺនកាន់តែខ្លាំងក្នុងស្ថានភាពដែលសេដ្ឋកិច្ចពិភពលោកកំពុងជួបភាពច្របូកច្របល់យ៉ាងខ្លាំង។ ឯកឧត្តមបានចោទជាសំណួរថា ក្រោយពេលផ្ទុះសង្គ្រាមរួចហើយ តើបញ្ហាព្រំដែនទាំងប៉ុន្មានអាចដោះស្រាយបានឬទេ? ចម្លើយ គឺមិនអាចដោះស្រាយបានទេ។ មានន័យថា សង្គ្រាមនេះក្រៅពីបង្កការខូចខាតដ៏ធំមហិមាសម្រាប់ប្រទេសទាំងពីរ នៅតែមិនអាចដោះស្រាយបញ្ហាបានដដែល។ ដូច្នេះ ការបញ្ចៀសសង្គ្រាមដែលមានតែលទ្ធផល«ចាញ់ចាញ់»បែបនេះគឺជាផលចំណេញដ៏ធំមួយ។
ឯកឧត្តមបន្តថា ដំណោះស្រាយបញ្ហាព្រំដែននៅតែមិនអាចចៀសរួចពីការចរចាទ្វេភាគី និងយន្តការច្បាប់អន្តរជាតិដដែល។ ពាក្យបណ្តឹងរបស់កម្ពុជាទៅតុលាការយុត្តិធម៌អន្តរជាតិ( ICJ )ក៏នៅតែធ្វើដដែល។ ដីរបស់កម្ពុជានៅតែត្រូវបានការពារ និងទាមទារតាមផ្លូវច្បាប់អន្តរជាតិ និងតាមយន្តការផ្សេងទៀតដែលអាចធ្វើទៅបាន។
ឯកឧត្តមប៉ែន បូណា មានប្រសាសន៍ថា ដូច្នេះកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោអតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន បាននិងកំពុងដើរតួនាទីជាគំរូនៃសន្តិភាពក្នុងតំបន់និងក្នុងពិភពលោកតាមរយៈនយោបាយ«ឈ្នះឈ្នះ»របស់សម្តេចតេជោ និងការបន្តរក្សាសុខសន្តិភាពបានយ៉ាងល្អរបស់សម្តេចធិបតី។ ដូច្នេះ ការបញ្ចៀសសង្គ្រាមមួយដែលអាចចៀសវាងបានគឺជាមហាជោគជ័យមួយទៀតសម្រាប់ប្រទេសជាតិនិងប្រជាជន។
ឯកឧត្តមបន្ថែមថា ក្នុងនាមកូនខ្មែរ ទាំងអស់គ្នាសុទ្ធតែមានទឹកចិត្តស្នេហាជាតិយ៉ាងពុះកញ្ជ្រោល និងប្តូរផ្តាច់ការពារបូរណភាពទឹកដីដោយរួមគ្នាជាធ្លុងមួយ ជាសំឡេងតែមួយដែលបង្កើតបានជាខឿនការពារជាតិដ៏រឹងមាំបំផុត។ កម្ពុជាក៏មានមោទនភាពយ៉ាងខ្លាំង និងមានភាពកក់ក្តៅណាស់ដែលមានថ្នាក់ដឹកនាំយើងជាពិសេសគឺសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានលះបង់មួយជីវិតដើម្បីបុព្វហេតុការពារទឹកដីនិងប្រជាពលរដ្ឋខ្មែរ៕