ទំនាក់ទំនងពាណិជ្ជកម្មវៀតណាម-អាមេរិក មានវឌ្ឍនភាពថ្មី

Narith | ថ្ងៃទី 09 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី០៩ ៦ ២៥

អន្តរជាតិ៖ ជំហានដ៏សំខាន់មួយទើបតែត្រូវបានធ្វើឡើងក្នុងទំនាក់ទំនងពាណិជ្ជកម្មវៀតណាម-អាមេរិក ខណៈដែលវៀតណាមបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួន ២០ ដើម្បីនាំចូលផលិតផលកសិកម្មពីអាមេរិកដែលមានតម្លៃសរុបរហូតដល់ទៅ ៣ ពាន់លានដុល្លារ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Vietnam Plus។ កិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខាបន្ទាប់ពីដំណើរទស្សនកិច្ចការងារដោយគណៈប្រតិភូមកពីក្រសួងកសិកម្ម និងបរិស្ថានរបស់វៀតណាមទៅកាន់រដ្ឋ Iowa រដ្ឋ Ohio រដ្ឋ Maryland និង Washington DC កាលពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែមិថុនា។ ដំណើរទស្សនកិច្ចនេះមានគោលបំណងជំរុញពាណិជ្ជកម្មទ្វេភាគី និងបើកឱកាសថ្មីសម្រាប់វៀតណាមក្នុងការបង្កើនការនាំចូលផលិតផលកសិកម្ម និងឈើរបស់អាមេរិក។ លើសពីនេះ គណៈប្រតិភូបានស្វែងរកលទ្ធភាពទទួលបានបច្ចេកវិទ្យាថ្មីៗ ដើម្បីបង្កើនភាពប្រកួតប្រជែងនៃខ្សែសង្វាក់តម្លៃកសិកម្មរបស់វៀតណាម។ អនុស្សរណៈដែលបានចុះហត្ថលេខានេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត និងសុច្ឆន្ទៈដ៏រឹងមាំរបស់សហគមន៍ធុរកិច្ច និងរដ្ឋាភិបាលវៀតណាម ក្នុងការជំរុញពាណិជ្ជកម្មប្រកបដោយតុល្យភាពជាមួយសហរដ្ឋអាមេរិក។ គួរបញ្ចាក់ថា នាយកប្រតិបត្តិរបស់ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក (USABC) បាននិយាយថា ពាណិជ្ជកម្ម និងការវិនិយោគគឺជាសសរស្តម្ភសំខាន់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយលោកបានសន្យាថា USABC និងក្រុមហ៊ុនជាសមាជិករបស់ខ្លួននឹងបន្តជួយដល់កំណើននៃវិស័យម្ហូបអាហារ និងកសិកម្មរបស់វៀតណាម៕