វិទ្យុជាតិកម្ពុជា៖ ដោយ ចន ណារិទ្ធ
ភ្នំពេញ៖ ក្នុងពិធីតភ្ជាប់ស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត ភ្ជាប់ពីមហាវិថីសម្ដេចតេជោ ហ៊ុន សែនប្រសព្វនឹងផ្លូវជាតិលេខ២ ឆ្ពោះទៅអាកាសយានដ្ឋានអន្តរជាតិតេជោ នាព្រឹកថ្ងៃទី០៩ខែ
មិថុនា ឆ្នាំ២០២៥ស្ថិតក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា គិតមកដល់ពេលនេះ ការដ្ឋានសាងសង់ស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត ទាំងមូលសម្រេចបានប្រមាណ៨៥ភាគរយហើយ ក្នុងនោះស្ពានអាកាសដែលមានទិសដៅពីភ្នំពេញទៅអាកាសយានដ្ឋានអន្តរជាតិតេជោខេត្តកណ្តាល នឹងរួចរាល់នៅចុងខែមិថុនានេះ។ចំណែកស្ពានអាកាសដែលមានទិសដៅពីអាកាសយានដ្ឋានអន្តរជាតិតេជោមកភ្នំពេញវិញនឹងរួចរាល់នៅចុងខែកក្កដាឆ្នាំ២០២៥ ។
សូមបញ្ជាក់ថា៖ ស្ពានអាកាសនេះបានបើកការដា្ឋនសាងសង់ ដោយសម្តេចអគ្គមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវកាលពីព្រឹកថ្ងៃទី១៧ ខែ មិថុនា ឆ្នាំ ២០២៤ ដោយរាជរដ្ឋាភិបាលជាម្ចាស់គម្រោង តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដោយប្រើប្រាស់ថវិកាសាងសង់ចំនួន១៦,២០០,៥០០ ដុល្លារអាម៉េរិក សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន១២ខែ។
ស្ពានអាកាសភ្លោះនេះ ជាប្រភេទបេតុងអារម៉េ ( ធ្នឹមរាងអក្សរ I )មានបណ្ដោយ ស្ពាន៦២២ម៉ែត្រ ក្នុងនោះស្ពានទី១: ផ្លូវឯកទិសមានទិសដៅតាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន ឆ្លងកាត់ផ្លូវជាតិលេខ២ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ។ ស្ពានទី២: ផ្លូវឯកទិសមានទិសដៅឆ្លងកាត់ផ្លូវជាតិលេខ២ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ឆ្ពោះទៅកាន់ មហាវិថីសម្តេចតេជោ ហ៊ុន សែន។ ទម្ងន់ផ្ទុកអនុញ្ញាត ២៥តោន កម្ពស់សុវត្ថិភាព៥.៥០ ម៉ែត្រ។មានគន្លងចរាចរណ៍ចំនួន៣ គន្លង ។ទទឹងស្ពានប្រវែង៩.៥០ ម៉ែត្រ។ កម្រាលស្ពានអ៊ុតកៅស៊ូ AC កម្រាស់: ០.១០ម៉ែត្រ បង្កាន់ដៃស្ពានសងខាងមានកម្ពស់ ១.២០ម៉ែត្រ មានបំពាក់ភ្លើងសូឡាបំភ្លឺផ្លូវតាមបង្កាន់ដៃស្ពាន និងផ្លូវសងខាងស្ពាន។ មានប្រព័ន្ធលូសម្រាប់រំដោះទឹកនៅសងខាងផ្លូវ។រវាងប្រឡោះស្ពានទី ១និង ស្ពានទី២ មានគម្លាត៩.០០ម៉ែត្រដែលបានរចនាជាឧទ្យានបៃតង ជាមួយនិងការរៀបចំផ្លាកសញ្ញាចរាចណ៍ផងដែរ៕