យុវជនកំព្រាក្រីក្ររ ថែមទាំងកើតមហារីកជើងធ្ងន់ធ្ងរ ត្រូវបានតំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនចុះសួរសុខទុក្ខ និងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត

009 | ថ្ងៃទី 09 ខែ មិថុនា ឆ្នាំ 2025

បាត់ដំបង ៖ ដោយក្តីអាណិតអាសូរបន្ទាប់ពីទទួលបានព័ត៌មាន ថាយុវជន យាប វ៉ាន់នឿន អាយុ២៣ឆ្នាំ ថែមទាំងកើតជំងឺមហារីកជើងធ្ងន់ធ្ងរ ដែលកំពុងមានជីវភាពខ្វះខាត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និង ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ចុះសួរសុខទុក្ខ ដល់ផ្ទះរបស់យុវជនខាងលើនៅភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបងតែម្តងកាលពីថ្ងៃអាទិត្យទី៨ខែមិថុនាឆ្នាំ២០២៥។

ក្នុងការមកសាកសួរសុខទុក្ខនោះ តំណាងកាកបាទក្រហមកម្ពុជាខាងលើបាននាំយកថវិកា ១០លានរៀល និងផ្លែឈើ-ភេសជ្ជៈ ព្រមទាំងសម្ភារៈមួយចំនួនជូនដល់គ្រួសារយុវជនខាងលើ និងបានសម្របសម្រួលជាមួយអាជ្ញាធរភូមិឃុំ និងគ្រូពេទ្យដើម្បីបញ្ជូនយុវជន យាប វ៉ាន់នឿន មកធ្វើការព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។

ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពី សំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងលើកទឹកចិត្ត ជូនពរដល់យុវជន យាប វ៉ាន់នឿន ឆាប់បានជាសះស្បើយឡើងវិញ។ លោកជំទាវក៏បានមានប្រសាសន៍ណែនាំអំពីការបរិភោគអាហារឱ្យបានត្រឹមត្រូវដើម្បីបំប៉នដល់សុខភាព និងមិនធ្វើឱ្យជំងឺឈឺចាប់ឡើងវិញ

យុវជន យាន វ៉ាន់នឿន  និងម្តាយមីង មានក្តីរំភើបក្តុកក្តួលឥតឧបមាដោយទទួលបានការយកចិត្តទុកដាក់ ជាពិសេសការលើកទឹកចិត្តពីសំណាក់ អ្នកម្តាយមនុស្សធម៌ ដែលលោកតែងតែគិតគូរដល់សុខទុក្ខ និងប្រជាជនងាយរងគ្រោះបំផុតគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ យុវជននិងម្តាយមីងសូមគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមជួបប្រទះតែនឹងសេចក្តីសុខ សុភមង្គល សុខភាពល្អរឹងមាំ ជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំប្រទេស និងជាម្លប់ដ៏ត្រជាក់ដល់ប្រជាជនកម្ពុជាជារៀងរហូតតទៅ។

សូមបញ្ជាក់ថា យុវជន យាប វ៉ាន់នឿន អាយុ២៣ឆ្នាំ ជាកូនកំព្រា កើតជំងឺមហារីក គឺបណ្តាលមកពីមុតដែកគោល  មានស្រុកកំណើតនៅភូមិបឹងព្រៃ ស្រុកបាណន់ ដោយស្ថានភាពគ្រួសារ និងគ្មានអ្នកមើលថែទើបម្តាយមីងសម្រេចមកមកស្នាក់នៅព្យាបាលផ្ទះមីង ក្នុងភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក។ ពេលនេះយុវជន យាប វ៉ាន់នឿន ទទួលបានការយកចិត្តទុកដាក់ព្យាបាលពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ៕ អត្ថបទ ភី សុខ វិទ្យុជាតិកម្ពុជាចំការចេកខេត្តបាត់ដំបង