សម្តេចធិបតី ៖ កម្ពុជាបន្តសហការជាមួយថៃលើការវាស់វែងខណ្ឌ សីមា-បោះបង្គោលព្រំដែន និងប្តឹង ICJ ក្នុងករណីចាំបាច់

Narith | ថ្ងៃទី 09 ខែ មិថុនា ឆ្នាំ 2025

 

វិទ្យុជាតិកម្ពុជា អេង នារីរតន៍ ថ្ងៃ៩ ខែមិថុនា ឆ្នាំ២០២៥ 

ភ្នំពេញ ៖ ថ្លែងចេញពីប្រទេសបារាំងនៅម៉ោងប្រមាណជាង២រសៀលថ្ងៃទី៩ ខែមិថុនានេះម៉ោងនៅកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនៅតែបន្តរក្សាគោលជំហរក្នុងកិច្ចសហការជាមួយភាគីថៃលើការងារវាស់វែង និងបោះបង្គោលព្រំដែន ព្រមទាំងប្រើយន្តការច្បាប់អន្តរជាតិតាមរយៈប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុងករណីចាំបាច់។

សារខ្លីរបស់សម្តេចនាយករដ្ឋមន្រ្តីធ្វើចេញពីប្រទេសបារាំងនេះ ដើម្បីបញ្ជាក់បន្ថែមទៅលើសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជាដែលបានចេញផ្សាយនាព្រឹកថ្ងៃទី៩ ខែមិថុនា ដោយ អះអាងថា ពុំបានដកកងទ័ពចេញពីតំបន់ស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាទេ។
សម្តេចធិបតីបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបន្តរក្សាជំហរសហការជាមួយភាគីថៃដើម្បីជំរុញការវាស់វែង ខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ ដោយប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះ(JBC) កម្ពុជា-ថៃ ជាសេនាធិការ ដោយឈរលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ជាពិសេស MOU ឆ្នាំ ២០០០ និងច្បាប់អន្តរជាតិ រួមទាំងយន្តការតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុងករណីចាំបាច់ ដូចជាករណីប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី)។ 

សម្តេចធិបតីបន្តថា រាជរដ្ឋាភិបាល ក៏នឹងបន្តរក្សាទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈគ្រប់យន្តការដែលមានស្រាប់ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរកម្ពុជា-ថៃ។ 
សម្តេចធិបតីក៏បានអំពាវនាវបណ្តាសារព័ត៌មាន និងប្រជាពលរដ្ឋសូមរក្សាភាពស្ងៀមស្ងាត់ និង ជឿទុកចិត្តលើរាជរដ្ឋាភិបាល និងកងទ័ពកម្ពុជាក្នុងការការពារបូរណភាពទឹកដី និងឧត្តមប្រយោជន៍ជាតិខ្មែរ ជាពិសេស ត្រូវជៀសវាងការបង្កើត ឬចែករំលែកព័ត៌មានមិនច្បាស់លាស់ណាមួយ ដែលនាំឲ្យមានការយល់ច្រឡំ និងនាំឲ្យបំប៉ោងសភាពការណ៍លើសពីការពិត ដែលអាចពង្រីកបញ្ហា ទៅជាជម្លោះរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ៕

សម្តេចធិបតី ៖ កម្ពុជាបន្តសហការជាមួយថៃលើការវាស់វែងខណ្ឌ សីមា-បោះបង្គោលព្រំដែន និងប្តឹង ICJ ក្នុងករណីចាំបាច់
សម្តេចធិបតី ៖ កម្ពុជាបន្តសហការជាមួយថៃលើការវាស់វែងខណ្ឌ សីមា-បោះបង្គោលព្រំដែន និងប្តឹង ICJ ក្នុងករណីចាំបាច់