សម្តេចធិបតី៖ ការការពារជីវិតនៅលើដី មិនអាចកាត់ផ្តាច់ពីការថែរក្សាជីវិត នៅក្រោមមហាសមុទ្របានឡើយ

Narith | ថ្ងៃទី 10 ខែ មិថុនា ឆ្នាំ 2025

 

វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ (១០ ០៦ ២០២៥)
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញថ្លែងសន្ទរកថា ក្នុងសន្និសីទរបស់អង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រលើកទី៣ (UNOC3) ទីក្រុងនីស ប្រទេសបារាំង កាលពីរសៀលថ្ងៃចន្ទ ទី៩ ខែមិថុនា ឆ្នាំ២០២៥សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការការពារជីវិតនៅលើដី មិនអាចកាត់ផ្តាច់ពីការថែរក្សាជីវិត នៅក្រោមមហាសមុទ្របានឡើយ ។

ថ្លែងក្នុងឱកាសនេះ សម្តេចធិបតី បានគូសបញ្ជាក់ ជូនអង្គវេទិកាថា ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ កម្ពុជា ប្តេជ្ញាចិត្តសម្រេចឱ្យបាន នូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាពទី១៤ ។ បន្ថែមលើនេះកម្ពុជា បានបោះឆ្នោតគាំទ្រ សេចក្តីសម្រេចចិត្តស្តីពី «មហាសមុទ្រ និងច្បាប់សមុទ្រ» ដែលទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ ពីបណ្តាប្រទេសចំនួន ១៥២ ក្នុងអំឡុងពេលនៃមហាសន្និបាត អង្គការសហប្រជាជាតិលើកទី៧៩ (UNGA79) ។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការខិតខំប្រឹងប្រែងទាំងអស់នេះ ស្តែងឱ្យឃើញនូវការយល់ដឹងស៊ីជម្រៅរបស់យើងថា ការការពារជីវិតនៅលើដី មិនអាចកាត់ផ្តាច់ពីការថែរក្សាជីវិតនៅក្រោមមហាសមុទ្របានឡើយ ។
មុននឹងបញ្ចប់នូវសន្ទរកថា សម្តេចធិបតី បានគូសបញ្ជាក់បន្ថែមថា មហាសមុទ្រមិនចេះនិយាយស្តីទេ វាពឹងផ្អែកលើយើងទាំងអស់គ្នា អ្វីដែលយើងធ្វើថ្ងៃនេះ ជាកត្តាកំណត់ថា តើទៅថ្ងៃអនាគតមហាសមុទ្រ នឹងអាចបន្តចិញ្ចឹមនិងការពារយើងតទៅទៀត ឬមួយក៏វានឹងក្លាយទៅជា នាវាដែលលិចដ៏ធំធេង និងយ៉ាងស្ងាត់ស្ងៀម ដោយសារតែ ភាពអសកម្មរបស់យើង? កម្ពុជា ត្រៀមជាស្រេចដើម្បីធ្វើសកម្មភាព ដើម្បីសហការ និងដើម្បីការពារ ។ កម្ពុជា សូមអំពាវនាវ ឱ្យមានសកម្មភាពប្រកបដោយក្តីក្លាហាន ឱ្យមានការរួបរួមគ្នាយ៉ាងម៉ឺងម៉ាត់ ដើម្បីមហាសមុទ្រ ដើម្បីប្រជានយើង និងដើម្បីអ្នកជំនាន់ក្រោយ៕

សម្តេចធិបតី៖ ការការពារជីវិតនៅលើដី មិនអាចកាត់ផ្តាច់ពីការថែរក្សាជីវិត នៅក្រោមមហាសមុទ្របានឡើយ