ខែមិថុនា ជាខែទី៣ នៃយុទ្ធនាការ និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ Say No to Fake News បន្ទាប់ពីយុទ្ធនាការនេះត្រូវបានប្រការបើកដោយ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ កន្លងទៅនេះ
តាមប្រតិទិនដែលបានដាក់ចេញដោយក្រសួងព័ត៌មាន ក្នុងការកំណត់យុទ្ធនាការ និយាយថាទេចំពោះព័ត៌មានក្លែងក្លាយរយៈពេល១២ខែ ក្នុងនោះខែមិថុនានេះ ជាវេនដែលត្រូវអនុវត្តសម្រាប់ខេត្តកែប ខេត្តកំពត និងខេត្តតាកែវ បន្ទាប់ពីរាជធានី-ខេត្ត មួយចំនួនផ្សេងទៀត បាននិងកំពុងអនុវត្តយុទ្ធនាការនេះយ៉ាងសកម្ម និងផុសផុល ក្នុងគោលបំណង កាត់បន្ថយឱ្យមកនូវកម្រិត អប្បបរិមា នូវព័ត៌មានក្លែងក្លាយ ពីលំហព័ត៌មានក្នុងសង្គមកម្ពុជា សំដៅធានាសន្តិសុខព័ត៌មាន គឺជាការទទួលព័ត៌មានប្រកមដោយគុណភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។
ក្នុងន័យរួមចំណែកជាមួយយុទ្ធនាការដ៏សំខាន់នេះ មន្ទីរព័ត៌មានខេត្តកែប ក្រោមការដឹកនាំរបស់ លោក រស់ ឧត្តុង្គ បានចាត់ចែងបែងចែកមន្ត្រី ក្នុងការចុះផលិតវីដេអូ ថតរូបភាព ធ្វើបទសម្ភាសន៍ និងលើកបដា ស្ទីកឃឺ ផ្សព្វផ្សាយយ៉ាងទូលំទូលាយ តាមបណ្តាក្រុង និងស្រុកនៃខេត្តកែប ។ ក្នុងនោះក្រោមការយកចិត្ត ទុកដាក់ខ្ពស់ពីឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណអភិបាលខេត្តកែប ក៏បានរួមចំណែក ជាបន្តបន្ទាប់ ក្នុងយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយនេះ។
នៅក្នុងបទសម្ភាសន៍ ជាមួយ ជា ឯកឧត្តមបណ្ឌិត អភិបាលខេត្ត នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ នៅបរិវេណសាលាខេត្តកែប ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បានបញ្ជាក់ថា ព័ត៌មានក្លែងក្លាយ ធ្វើឱ្យយើងមានភាពស្រពិចស្រពិល មិនច្បាស់លាស់ អាចបង្កអោយមានអស្ថិរភាពសង្គម , បង្កើតនូវការភាន់ច្រឡំរវាងគ្នា និងគ្នា ឬឈានដល់ការបង្កចលាចល។ ឯកឧត្តម បន្ថែមថា យើងទាំងអស់គ្នាជាអ្នកទទួលយកនូវព័ត៌មាន ត្រូវតែមានការត្រិះរិះពិចារណា កុំជឿដោយងងឹតងងល់ និងត្រូវប្តេជ្ញារួមគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។ ឯកឧត្តម ក៏បាន បញ្ជាក់ថា ព័ត៌មានក្លែងក្លាយសំគាល់ដោយព័ត៌មាននោះ គ្មានប្រភពច្បាល់លាស់ បង្កើតឡើងដោយបុគ្គលឬក្រុម ក្នុងគោលបំណង មិនល្អណាមួយ ចំណែកព័ត៌មានពិត គឺជាព័ត៌មានដែលចេញដោយស្ថាប័នផ្លូវការ ឬថ្នាក់ដឹកនាំកំពូល មានរាជរដ្ឋាភិបាល អ្នកនាំពាក្យរាជរដ្ឋាភិបាល ក្រសួងព័ត៌មាន ផេកផ្លូវការរបស់ ថ្នាក់ដឹកនាំ និងស្ថាប័នសារព័ត៌មានរបស់រដ្ឋ ជាដើម។
គូសបញ្ជាក់ថាយុទ្ធនាការ និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយសម្រាប់ខេត្តកែប ចាប់ផ្តើមពីខែមិថុនា និងបន្តរហូតចប់យុទ្ធនាការរយៈពេល១២ខែ របស់ក្រសួងព័ត៌មាន ៕
អត្ថបទ៖ លោក ជិន សុផុន មន្ទីរព័ត៌មានខេត្តកែប