លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំគណៈប្រតិភូ ក្រសួង បណ្តាញសហគ្រិន ស្រ្តីកម្ពុជា សមាគមន៍សហគ្រិនស្រ្តីកម្ពុជា ព្រមទាំងវិស័យឯកជន ចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ-បរិភោគ ជូនដល់កងកម្លាំងប្រដាប់អាវុធជួរមុខ ដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ ដែលស្ថិតក្រោមការដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស ស្ថិតនៅភូមិសម្ដេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ។
ក្នុងពិធីចុះសួរសុខទុក្ខនេះ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តី បានបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយភាពវៃឆ្លាតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី លើការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ដែលបានទទួលការគាំទ្រទាំងស្រុងពីសមាជរដ្ឋសភា-ព្រឹទ្ធសភាក្នុងការដាក់ពាក្យបណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ លើបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ។
ជាមួយគ្នានេះដែរ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តី ក៏បាននាំយកគ្រឿងឧបភោគបរិភោគជាច្រើនមុខ ចែកជូនដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមមាន កម្លាំងយោធា កម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ ដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ៕