វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥
អាជ្ញាធរពាក់ព័ន្ធបានបើកកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ និងការគ្រប់គ្រងនគរូបនីយកម្មនិងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ក្រោមកិច្ចដឹកនាំរបស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងភាគីពាក់ព័ន្ធ រួមទាំងអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ មានការពាក់ព័ន្ធ និង មេភូមិ ព្រមទាំងតំណាងប្រជាពលរដ្ឋទាំង១១៤ភូមិស្ថិតក្នុងតំបន់រមណីយដ្ឋានអង្គរ ប្រមាណជា៣០០នាក់។
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានថ្លែងថា ការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្មនិងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ គឺសំដៅស្វែងរកការឯកភាពគ្នា ការពារឧត្តមប្រយោជន៍ នៃការអភិរក្ស និង លើកស្ទួយជីវភាពរបស់អ្នកស្រុកអង្គរ បង្កលក្ខណៈឲ្យភ្ញៀវទេសចរមកទស្សនាកម្សាន្តនិងបង្កើនឱកាសសេដ្ឋកិច្ចសម្រាប់កម្ពុជា ។
ឯកឧត្តមក៏បានបញ្ជាក់ជូនដល់អាជ្ញាធរក្រុង ស្រុក ឃុំសង្កាត់ និងប្រជាពលរដ្ឋ អំពីលក្ខខណ្ឌនៃការប្រើប្រាស់ដី ការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ លើតំបន់១ និង តំបន់២ នៃរមណីយដ្ឋានអង្គរ ក្នុងការថែរក្សាការពារបេតិកភណ្ឌវប្បធម៌ជាតិ និង សម្បត្តិវប្បធម៌ទូទៅ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តទៀតថា ដីធ្លីទាំងអស់ដែលស្ថិតនៅតំបន់១ និង តំបន់២ ក្នុងតំបន់រមណីយដ្ឋានអង្គរ គឺជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ដែលអាជ្ញាធរជាតិអប្សរា មានភារកិច្ច កាព្វកិច្ចគ្រប់គ្រង ថែរក្សា និងអភិវឌ្ឍប្រកបដោយចីរភាព ។
ឯកឧត្តម សាយ សំអាល់ ក៏បានបញ្ជាក់ថា នេះជាជំហានថ្មីមួយទៀត របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា និង រដ្ឋបាលខេត្តសៀមរាប ក្នុងការស្វែងរកការឯកភាពគ្នា ទាំងស្មារតី និងគោលការណ៍រួម លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និង ការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ដោយធ្វើការពិនិត្យឡើងវិញនូវរបៀបរបបការងារ លិខិតបទដ្ឋានគតិយុត្ត របៀបរបបរស់នៅរបស់ពលរដ្ឋក្នុងតំបន់ការពារបេតិកភណ្ឌ ឲ្យមានការយល់គ្នាកាន់តែច្រើនជាងមុន រវាងប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធ ស្របទៅតាមកិច្ចការបេតិកភណ្ឌ និងជាមួយអន្តរជាតិ ក្នុងស្មារតីការពារនិងអភិរក្សមរតកដូនតា និងលើកស្ទួយជីវភាពអ្នកស្រុកអង្គរ ឲ្យស្របទៅតាមប្រសាសន៍សម្តេចធិបតី លើការរៀបចំផ្ទះសម្បែងឲ្យរៀបរយ និង ពង្រឹងខឿនសេដ្ឋកិច្ចជាតិ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជឿជាក់ថា ការបញ្ចប់បញ្ហាដីធ្លីនៅតំបន់រមណីយដ្ឋានអង្គរ គឺជាផ្នែកមួយដែលជំរុញទេសចរកាន់តែច្រើនចង់មកទស្សនានៅខេត្តសៀមរាប ហើយប្រជាពលរដ្ឋរស់នៅខេត្តសៀមរាបប្រាកដជាមានជីវភាពប្រសើរជាងបច្ចុប្បន្ន ៕