វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ (១០ ០៦ ២០២៥)
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ Annelies Verlinden រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បែលហ្ស៊ិក បានសម្ដែងនូវក្ដីរីករាយ ចំពោះកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំងពីរ ។
ការសម្តែងការពេញចិត្ត រវាងសម្តេចធិបតី និងរដ្ឋមន្ត្រីយុត្តិធម៌បែលហ្ស៊ិក ខាងលើនេះ ធ្វើឡើងនាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ក្នុងពេលដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យ លោកជំទាវ Annelies Verlinden រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បែលហ្ស៊ិក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទលើកទី៣ របស់អង្គការសហប្រជាជាតិ ស្ដីពីមហាសមុទ្រ (UNOC3) នៅថ្ងៃទី ៨-១៣ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងនីស ប្រទេសបារាំង។
ក្នុងជំនួបខាងលើនេះ លោកជំទាវរដ្ឋមន្ត្រី បានសម្ដែងនូវការពេញចិត្ត ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងល្អ រវាងប្រទេសទាំងពីរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការដ៏ល្អ រវាងក្រសួងយុត្តិធម៌នៃប្រទេសទាំងពីរ ជាពិសេស វឌ្ឍនភាពនៃការចរចា លើកិច្ចព្រមព្រៀងក្នុងវិស័យយុត្តិធម៌ រវាងក្រសួងទាំងពីរ។
ជាការឆ្លើយតប សម្ដេចធិបតី បានសម្ដែងនូវក្ដីរីករាយ ចំពោះកិច្ចសហប្រតិបត្តិការល្អ រវាងកម្ពុជា និងបែលហ្ស៊ិក និងបានថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាល និងប្រជាជនបែលហ្ស៊ិក ដែលបានរួមចំណែកគាំទ្រ ការបោសសម្អាតមីន វិស័យអប់រំ និងអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ជាដើម។
សម្តេចធិបតី បានសង្កត់ធ្ងន់ចំពោះសារៈសំខាន់ នៃយន្តការពិគ្រោះយោបល់ទ្វេភាគី រវាងក្រសួងការបរទេសទាំងពីរ ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យផ្សេងៗទៀត ។
សម្ដេចធិបតី ក៏បានសម្ដែងនូវការពេញចិត្ត ចំពោះកិច្ចសហប្រតិបត្តិការល្អ រវាងក្រសួងយុត្តិធម៌ នៃប្រទេសទាំងពីរ និងលើកទឹកចិត្តក្រសួងយុត្តិធម៌ទាំងពីរ ជំរុញការបញ្ចប់នីតិវិធីផ្ទៃក្នុង ដើម្បីឈានទៅដល់ការចុះហត្ថលេខា លើកិច្ចព្រមព្រៀង ដែលបានបញ្ចប់កិច្ចពិភាក្សារួចរាល់៕