សម្ដេចធិបតី៖ កម្ពុជា-កូតឌីវ័រ មានភាពប្រហាក់ប្រហែលគ្នាមួយចំនួន ជាពិសេសក្នុងមូលដ្ឋានសេដ្ឋកិច្ច

Narith | ថ្ងៃទី 11 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ (១០ ០៦ ២០២៥)

ភ្នំពេញ៖​សម្តេចធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃកម្ពុជា ​បានគូសបញ្ជាក់ប្រាប់ ឯកឧត្តម Robert Beugré Mambé នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋកូតឌីវ័រ ថា កម្ពុជា និងកូតឌីវ័រ មានភាពប្រហាក់ប្រហែលគ្នាមួយចំនួន ជាពិសេសនៅក្នុងមូលដ្ឋានសេដ្ឋកិច្ច​ ។

ការថ្លែងបញ្ជាក់របស់ស​ម្តេចធិបតី ខាងលើនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាទ្វេភាគី រវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម Robert Beugré Mambé នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋកូតឌីវ័រ នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥
ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទលើកទី៣ របស់អង្គការសហប្រជាជាតិ ស្ដីពីមហាសមុទ្រ (UNOC3) នៅថ្ងៃទី០៨-១៣ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុង នីស ប្រទេសបារាំង​ ។
ក្នុងជំនួបនេះ សម្ដេចធិបតី បានរំឭកអំពីវត្តមានរបស់ឯកឧត្តមនាយករដ្ឋមន្ត្រី​ នៃសាធារណរដ្ឋកូតឌីវ័រ ដែលបានអញ្ជើញចូលរួមមហាសន្និបាត លើកទី៣៩ របស់សមាគមអន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) នៅរាជធានីភ្នំពេញ កាលពីចុងឆ្នាំ២០១៩។
សម្ដេចធិបតី ក៏បានគូសបញ្ជាក់ថា ប្រទេសទាំងពីរ មានភាពប្រហាក់ប្រហែលគ្នាមួយចំនួន ជាពិសេសនៅក្នុងមូលដ្ឋានសេដ្ឋកិច្ច។ បន្ថែមលើនេះ សម្ដេចធិបតី ក៏បានអញ្ជើញឯកឧត្តមនាយករដ្ឋមន្ត្រីកូតឌីវ័រ បំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងពេលវេលាសមស្របណាមួយ និងពិនិត្យលទ្ធភាព ចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦ ខាងមុខនេះ នៅខេត្តសៀមរាប ដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ។
ជាការឆ្លើយតប ឯកឧត្តមនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋកូតឌីវ័រ បានកោតសរសើរភាពជាអ្នកដឹកនាំ ប្រកបដោយសមត្ថភាព របស់សម្ដេចធិបតី ដែលបន្តរក្សាបាននូវសន្ដិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។ 

ជាមួយគ្នានោះ ឯកឧត្តមនាយករដ្ឋមន្ត្រីសង្ឃឹមថា នឹងមានឱកាសបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅឆ្នាំ២០២៦ ដែលនឹងជាកាលានុវត្តភាព នៃការបន្តកិច្ចពិភាក្សាទ្វេភាគី សំដៅពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរថែមទៀត។ 
នាយករដ្ឋមន្ត្រីទាំងពីរ បានបន្តពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នា នៅលើកិច្ចសហប្រតិបត្តិការសក្ដានុពលមួយចំនួន ជាពិសេសលើវិស័យឧស្សាហកម្ម និងកសិកម្ម។ 

ឯកឧត្តមនាយករដ្ឋមន្ត្រីកូតឌីវ័រ បានសន្យាថា នឹងចាត់រដ្ឋមន្ត្រីឧស្សាហកម្ម ទៅធ្វើទស្សនកិច្ចការងារនៅកម្ពុជា ដើម្បីពិនិត្យ និងសិក្សាលទ្ធភាពពង្រីកការផ្សារភ្ជាប់ កិច្ចសហប្រតិបត្តិការ ក្នុងការអភិវឌ្ឍមូលដ្ឋានផលិតកម្ម ជាមួយប្រទេសកម្ពុជា។ 

នាយករដ្ឋមន្ត្រីទាំងពីរ ក៏បានឯកភាពក្នុងការបន្តពិនិត្យលទ្ធភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗ ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីជាផ្លែផ្កា និងឧត្តមប្រយោជន៍ សម្រាប់ប្រជាជន និងប្រទេសទាំងពីរ៕

សម្ដេចធិបតី៖ កម្ពុជា-កូតឌីវ័រ មានភាពប្រហាក់ប្រហែលគ្នាមួយចំនួន ជាពិសេសក្នុងមូលដ្ឋានសេដ្ឋកិច្ច
សម្ដេចធិបតី៖ កម្ពុជា-កូតឌីវ័រ មានភាពប្រហាក់ប្រហែលគ្នាមួយចំនួន ជាពិសេសក្នុងមូលដ្ឋានសេដ្ឋកិច្ច