វិទ្យុជាតិកម្ពុជា អេង នារីរតន៍ ថ្ងៃ១១ ខែមិថុនា ឆ្នាំ២០២៥
ភ្នំពេញ ៖ ឯកឧត្តម ប៉ែន បូណារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាល បានលើកឡើងថា បណ្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅតែបន្ត បោះជំហានទៅមុខជានិច្ចឥតប្រែប្រួលក្រោមឯកភាពជាតិខ្មែរដ៏រឹងមាំ។
ឯកឧត្តម ប៉ែន បូណាបន្តថា ដូចដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់កាល ពីថ្ងៃទី២ ខែមិថុនា និងដោយមានការគាំទ្រយ៉ាងពេញទំហឹងពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ។ ឥឡូវនេះ គណៈកម្មការរៀបចំឯកសារដើម្បីប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ត្រូវបានបង្កើតចេញជារូបរាងហើយ។
ឯកឧត្តមបន្ថែមថា គណៈកម្មការនេះមានភារកិច្ចពិនិត្យនិងសម្រេចជ្រើសរើសមេធាវីអន្តរជាតិដើម្បីការពារ ក្តី ពិនិត្យនិងសម្រេចឯកសារនានាដែលត្រូវដាក់ទៅតុលាការ ធ្វើទំនាក់ទំនងជាមួយតុលាការ និងធ្វើជា តំណាងរបស់កម្ពុជានៅចំពោះមុខតុលាការយុត្តិធម៌អន្តរជាតិ។ នេះគឺជាដំណើរការទៅមុខឥតងាករេស្របតាមឆន្ទៈដ៏មោះមុតរបស់រាជរដ្ឋាភិបាលក៏ដូចជាឆន្ទៈរបស់ប្រជា ពលរដ្ឋខ្មែរក្នុងការប្តឹងករណីទាំង៤នេះ ទៅតុលាការយុត្តិធម៌អន្តរជាតិដើម្បីការពារបូរណភាពទឹកដី។
ឯកឧត្តមប្រធានអង្គភាពអ្នកនាំពាក្យគូសបញ្ជាក់ថា បណ្តឹងនេះបានទទួលការគាំទ្រជាឯកច្ឆន្ទពីរដ្ឋសភា និងព្រឹទ្ធសភា ក៏ដូចជាពីសំណាក់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស និងគ្រប់និន្នាការនយោបាយ ដែលស្តែងឲ្យឃើញពីឯកភាពជាតិខ្មែរនិងក្លាយជាចលនាមហាសាមគ្គីជាតិដ៏ធំមួយនៅពីក្រោយរាជរដ្ឋាភិបាល និងនៅពីក្រោយកងទ័ពដ៏អង់អាចក្លាហាន។ ដូច្នេះរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនិងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបច្ចុប្បន្ន បានខិតខំប្រឹងប្រែងនិង ប្តូរផ្តាច់បំផុតក្នុងការការពារបូរណភាពទឹកដីដោយមិនអនុញ្ញាតឲ្យបាត់បង់សូម្បីតែមួយមីល្លីម៉ែត្រឡើយ។
ឯកឧត្តមប៉ែន បូណា បានឲ្យដឹងទៀតថា ឥឡូវនេះភាពប្តូរផ្តាច់ក្នុងការនាំយកករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ទៅតុលាការយុត្តិធម៌អន្តរជាតិ គឺជាភស្តុតាងថ្មី មួយទៀត ដែលបញ្ជាក់ពីភាពប្តូរផ្តាច់របស់រាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា ចំពោះបូរណភាព ទឹកដី។
ឯកឧត្តមក៏បានអំពាវនាវឲ្យពលរដ្ឋស្ងប់ចិត្ត កុំអន្ទះសា និងរង់ចាំចំណាត់ការជាបន្តបន្ទាប់ របស់រាជរដ្ឋា ភិបាល ដោយត្រូវប្រកាន់ខ្ជាប់នូវឥរិយាបថនឹងនរ អត់ធ្មត់ ហើយប្រើបញ្ញាជាជាងប្រើអារម្មណ៍ ជាពិសេស កុំនាំគ្នាកញ្ជ្រោលតាមការញុះញង់របស់ក្រុមជ្រុលនិយមជិតខាងដែលចង់បានទឹកដីខ្មែរឲ្យសោះ៕