អត្ថបទ៖ លោក សេស សង់ មន្ទីរព័ត៌មានខេត្តកែប
កែប៖ ការរៀបចំសិក្ខាសាលាស្តីពី “ការលើកកម្ពស់ផលិតផលខ្មែរ” ធ្វើឡើងដោយលើកយកប្រធានបទចំនួន៥ ដែលសុទ្ធសឹងជាប្រធានបទសំខាន់ៗ ក្នុងនោះដែរ សិក្ខាសាលានេះមានគោលបំណងជំរុញ និងលើកកម្ពស់ផលិតផលខ្មែរទាំងទីផ្សារក្នុងស្រុក និងក្រៅប្រទេស ជាពិសេស ការពង្រឹងគុណភាព សុវត្ថិភាព សោភណភាព ការកសាងម៉ាកសញ្ញា ដើម្បីពង្រឹងភាពប្រកួតប្រជែងផលិតផលនៅលើទីផ្សារ។
នេះបើតាមការលើកឡើងរបស់លោកស្រី ប៊ុន ចំណាន អគ្គនាយិការងនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម លើកឡើងក្នុងសិក្ខាសាលាខាងលើ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ដោយសិក្ខាសាលាស្តីពី “ការលើកកម្ពស់ផលិតផលខ្មែរ” មានការចូលរួមពីសំណាស់លោក ហ៊ួរ មិថុនា អភិបាលរងខេត្តកែប អ្នកពាក់ព័ន្ធ និងម្ចាស់ ឬតំណាងក្រុមហ៊ុន សហគ្រាស ផលិតករ ពាណិជ្ជករ សហគមន៍កសិកម្ម ក្រុមកសិករផលិត និងសិស្សនិស្សិតផងដែរ។
លោកស្រី ប៊ុន ចំណាន លើកឡើងថា សិក្ខាសាលាក្នុងថ្ងៃនេះរៀបចំឡើងដោយមានវាគ្មិនចំនួន៥រូប អញ្ជើញមកពីវិស័យរដ្ឋ និងឯកជន ចូលរួមធ្វើបទបង្ហាញទៅលើប្រធានបទសំខាន់ចំនួន៥គឺ ទី១ “ការអភិវឌ្ឍផលិតផលខ្មែរស្របតាមតម្រូវការទីផ្សារបច្ចុប្បន្ន”, ទី២ “ការវេចខ្ចប់ផលិតផលខ្មែរឱ្យមានសោភណភាពស្របតាមស្តង់ដារ”, ទី៣ “ការកសាងម៉ាកយីហោផលិតផលខ្មែរ”, ទី៤ បែបបទការបញ្ជូនផលិតផលខ្មែរចូលផ្សារទំនើប និងទី៥ ការចែករំលែកបទពិសោធន៍អំពី “គន្លឹះនៃការធ្វើអាជីវកម្ម” របស់ម្ចាស់អាជីវកម្មខេត្តកែប។
លោកហ៊ួរ មិថុនា អភិបាលរងខេត្ត មានប្រសាសន៍ដែរថា ការរៀបចំសិក្ខាសាលា ស្តីពីការលើកកម្ពស់ផលិតផលខ្មែរ នាពេលនេះ ពិតជាមានសារៈសំខាន់ ក្នុងការចូលរួមគាំទ្រ និងលើកកម្ពស់ផលិតផលខ្មែរ ឱ្យមានឧត្តមភាព ប្រកួតប្រជែងទីផ្សារក្នុង និងក្រៅប្រទេស ប្រកបដោយថាមពលខ្លាំងថែមទៀត។
លោកអភិបាលរង ស្នើសុំឱ្យអ្នកចូលរួមទាំងអស់យកចិត្តទុកដាក់ស្តាប់ ការធ្វើបទបង្ហាញរបស់វាគ្មិនដើម្បីយកចំណេះដឹងទៅអភិវឌ្ឍស្ថាប័ន អង្គភាព និងអាជីវកម្មរបស់ខ្លួន តាមរយៈ ការកែច្នៃ ការវេចខ្ចប់ផលិតផលឱ្យមានគុណភាព សោភណភាព សុវត្ថិភាព ស្តង់ដារ អនាម័យ ដាក់ឈ្មោះម៉ាកយីហោក្រុមហ៊ុន កាលបរិច្ឆេទផលិត និងផុតកំណត់ លើផលិតផល និងការបិទស្លាកតម្លៃ លេខបារកូដផលិតផលឱ្យបានត្រឹមត្រូវ ស្របតាមស្តង់ដារដើម្បីប្រកួតប្រជែង ផលិតផលនៅលើទីផ្សារ៕