អត្ថបទ៖ លោក សេស សង់ មន្ទីរព័ត៌មានខេត្តកែប
កែប៖ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកែបបានរៀបចំកិច្ចប្រជុំភាគីពាក់ព័ន្ធផ្សព្វផ្សាយលទ្ធផលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៥ និងការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង ក្នុងខេត្តកែប ជូនដល់មន្ត្រី ល.ខ.ប និងភាគីពាក់ព័ន្ធ ក្រោមអធិបតីភាព លោក ញ៉ន សិទ្ធ អភិបាលរងខេត្តកែប។ កិច្ចប្រជុំនេះធ្វើឡើងនាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥។
លោក គី វុទ្ធី ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកែបបានធ្វើរបាយការណ៍អោយដឹងថា ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ នៅតាមសាលាឃុំ សង្កាត់ និងទីប្រជុំជននៃឃុំ សង្កាត់ នីមួយៗ ការបិទផ្សាយនេះមានគោលបំណងឲ្យប្រជាពលរដ្ឋអញ្ជើញទៅពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ និងទន្នន័យផ្សេងៗរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោតព្រមទាំងអាចសុំកែតម្រូវតាមរយៈការប្តឹងតវ៉ា ឬ/និងប្តឹងជំទាស់។
លោកបានបន្ថែមទៀតថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតសម្រាប់ឆ្នាំ២០២៥ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ អ្នកដែលបានចុះឈ្មោះបោះឆ្នោតថ្មី៩៧០នាក់ អ្នកផ្ទេរចូលពីឃុំ សង្កាត់ផ្សេង ៥៥៨នាក់ អ្នកប្តូរទិន្នន័យបោះឆ្នោត ៤,៥៦៩នាក់ អ្នកធ្វើបច្ចុប្បន្នភាពទិន្នន័យបោះឆ្នោត ១២,២២៦នាក់ អ្នកប្តូរការិយាល័យឃុំសង្កាត់១៧៥នាក់ អ្នកផ្ទេរទៅឃុំសង្កាត់ផ្សេង ៦០៨នាក់ ឈ្មោះស្ទូន ១២នាក់ លុបឈ្មោះចេញពីបញ្ជីបោះឆ្នោត (ស្លាប់) ៩៥នាក់ លទ្ធផលបណ្តោះអាសន្នក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២៥ ២៩,៥៩២នាក់ ភាគរយអ្នកចុះឈ្មោះថ្មីសរុបបាន ១៩៤.០០%។
ក្នុងកិច្ចប្រជុំនោះផងដែរ លោក ញ៉ន សិទ្ធ អភិបាលរងខេត្តកែប បានលើកឡើងថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ គឺជាឆ្នាំទី១០ហើយ ចាប់តាំងពីគ.ជ.ប រៀបចំការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីឆ្នោតថ្មី ឆ្នាំ២០១៦ តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដោយប្រើប្រព័ន្ធជីវមាត្រ សម្រាប់ដៅសម្គាល់ទិន្នន័យ អត្តសញ្ញាណដែលមានតែមួយគត់សម្រាប់អ្នកបោះឆ្នោតម្នាក់ៗ។
លោកបានបញ្ចាក់ផងដែរថា ការធ្វើរបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោត គឺជាការងារចាំបាច់ដែល គ.ជ.ប ត្រូវយកចិត្តទុកដាក់អនុវត្តជាប្រចាំ ពិសេសពាក់ព័ន្ធនឹងការប្រែប្រួលនៃសញ្ញាដៅសម្គាល់របស់អ្នកបោះឆ្នោត ដែលនាំឲ្យខុសទិន្នន័យជីវមាត្ររបស់គាត់ក្នុងបញ្ជីបោះឆ្នោត និងអាចមានផលប៉ះពាល់ដល់សិទ្ធបោះឆ្នោតរបស់គាត់ផងដែរ
ក្នុងនោះលោកអភិបាលរង បានណែនាំដល់ភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមក្នុងកិច្ចប្រជុំការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៥ និងការបិទផ្សាយបញ្ជីដំបូងក្នុងខេត្តកែប សូមជួយជំរុញឲ្យដល់ប្រជាពលរដ្ឋអញ្ជើញពិនិត្យផ្ទៀងផ្ទាត់ឈ្មោះនិងទិន្នន័យផ្សេងៗរបស់ខ្លូនក្នុងបញ្ជីបោះឆ្នោតឲ្យបានត្រឹមត្រូវព្រមទាំងអាចសុំកែតម្រូវតាមរយៈការប្តឹងតវ៉ាឬ/និងប្តឹងជំទាស់ផងដែរ៕