វិទ្យុជាតិកម្ពុជា លោកគឹមហឿនថ្ងៃទី១១មិថុនា ឆ្នាំ២០២៥
ខេត្តស្ទឹងត្រែង- អភិបាលខេត្តស្ទឹងត្រែងបានណែនាំទៅអាជ្ញាធរគ្រប់មូលដ្ឋាន ឱ្យបង្កើនការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ដោយសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ធ្វើសកម្មភាពល្បាតដើម្បីរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព ។
មានប្រសាសន៍ក្នុងកិច្ចប្រជុំស្តីពីការជំរុញការអនុវត្តគោលនយោ បាយភូមិឃុំសង្កាត់មានសុវត្ថិភាពនៅសាលាខេត្តស្ទឹងត្រែង ឯកឧត្តមសរសុពុត្រា អភិបាលខេត្តមាន ប្រសាសន៍ណែនាំដល់អាជ្ញាធរគ្រប់មួលដ្ឋាន ចាប់ពីមេភូមិឡើងទៅត្រូវដាក់ចិត្តដាក់កាយ រួមគ្នាបម្រើប្រជាពលរដ្ឋដោយភាពស្មោះត្រង់ មិនកេងប្រវ័ញ្ចនិងចង់បានប្រាក់ពីប្រជាពលរដ្ឋឡើយ សំខាន់ធ្វើឱ្យប្រជាពលរដ្ឋមានសេចក្តីសុខក្នុងការរស់នៅ។
ឯកឧត្តមមានប្រសាសន៍បន្តថា៖កិច្ចការងារនេះរដ្ឋបាលខេត្តមានក្តីព្រួយបារម្ភពីភាពធ្វេសប្រហែសរបស់អស់លោក ជាមេឃុំ ចៅសង្កាត់ ជាស្មៀន និងនាយប៉ុស្តិរដ្ឋបាលនគរបាល នៅតាមបណ្ដាឃុំសង្កាត់ ព្រោះកន្លងមកមានប្រជាជនទៅប្តឹងករណីហិង្សាហើយមិនទទួលពាក្យបណ្ដឹង វាបង្កើតទៅជាការខឹងសម្បាររបស់ប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋរងរបួសហើយ ឈាមហូរកក្លាក់ហើយរត់ទៅរកយើង យើងគួរណាមានអន្តរាគមន៍ឱ្យទាន់ពេលវេលា ហើយកុំឱ្យកំហុសឆ្គងរបស់យើង វាក្លាយទៅជាគំរូអាក្រក់ វាក្លាយទៅជាកំហុសសម្រាប់មន្ត្រីឯកសណ្ឋានដូចយើង ដែលគេខិតខំប្រឹងប្រែងធ្វើល្អ អត់មានពេលសម្រាក ប៉ុន្តែដោយសារតែយើងម្នាក់ជាមន្ត្រីឯកសណ្ឋាន ធ្លាប់ប្រព្រឹត្តខុសវាប៉ះពាល់ ដល់អង្គភាពដូចខ្ញុំធ្លាប់បានបញ្ជាក់ហើយថាកន្លងមកនេះរឿងរបស់បុគ្គលដែលធ្វើខុស នោះជាការទទួលខុសត្រូវរបស់បុគ្គល សូមកុំយកបុគ្គលមកចងភ្ជាប់ជាមួយនឹងអង្គភាព។
លោកប៉ែន សុបុលមេឃុំក្បាលរមាសបានទទួលស្គាល់ថា៖នៅតាមភូមិឃុំនៅមានករណីប្រឈមមួយចំនួនកើតមានដែលអាជ្ញាធរអនុវត្តទៅមានភាពខ្វះចន្លោះ ហើយបច្ចុប្បន្នកំពុងសហការជាមួយសមត្ថកិច្ចជំនាញពាក់ព័ន្ធ បន្តបំពេញកាតព្វកិច្ចនេះឱ្យបានឆ្លើយតាមតាមសំណូមពររបស់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា៖ខេត្តស្ទឹងត្រែងនៅដើមឆ្នាំ២០២៥កន្លងមកនេះមិនមានករណីក្មេងទំនើងនោះទេហើយករណីរឿងរ៉ាវផ្សេងៗកើតមានឡើងចំនួន២២០ករណី មានការថយចុះជិត១០០ករណី បើប្រៀបធៀបទៅនិងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤ ៕