ក្រសួងមហាផ្ទៃ រៀបចំឲ្យជនជាប់ឃុំចូលរៀនអក្ខរកម្ម និងភាសាបរទេសជាង១ពាន់នាក់

Narith | ថ្ងៃទី 12 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា អេង នារីរតន៍ ថ្ងៃ១២ ខែមិថុនា ឆ្នាំ២០២៥

ភ្នំពេញ ៖ ត្រឹម១ខែ នាខែឧសភា ឆ្នាំ២០២៥នេះ អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានរៀបចំឲ្យជនជាប់ឃុំបានចូលរៀនអក្ខរកម្មឬថ្នាក់សមមូល និងភាសាបរទេស ចំនួន៧៨ថ្នាក់ ស្មើ១.៥២៤នាក់ ។

យោងតាមរបាយការណ៍ក្រសួងមហាផ្ទៃ ប្រចាំខែឧសភា ឆ្នាំ២០២៥ ដែលត្រូវបានបញ្ជាក់បន្ថែម ដោយលោក ទូច សុឃៈ  អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានឲ្យដឹងថា ក្រៅពីទទួលបានការបង្រៀនថ្នាក់អក្ខរកម្ម និងភាសាបរទេស អគ្គនាយកដ្ឋានពន្ធនាគារ ក៏មានកម្មវិធីអប់រំណែនាំជាប្រចាំអំពីបទបញ្ជាផ្ទៃក្នុងពន្ធនាគារ សីលធម៌សង្គម បញ្ហាគ្រឿងញៀន ការធ្វើលំហាត់ប្រាណ និងរៀបចំកម្មវិធីអប់រំតាមបែបសាសនា និងសិល្បៈផងដែរ។ 

បើតាមអ្នកនាំពាក្យដដែល ក្នុងខែឧសភាដូចគ្នា ក៏មានជនជាប់ឃុំ ៥.៩៥៩នាក់ ទទួលបានការបណ្ដុះបណ្ដាលវិជ្ជាជីវៈ មុខរបរ និងការអនុវត្តសាកល្បងមុខជំនាញអាចប្រកបអាជីពងាយៗ ដូចជា កាត់ដេរ សម្អាងការ ការងារសំណង់ ជំនាញប្រើប្រាស់ និងជួសជុលកុំព្យូទ័រ ឧបករណ៍អេឡិចត្រូនិក បរិក្ខារត្រជាក់ និងគ្រឿងយន្ត។ ក្នុងនោះមានជនជាប់ឃុំ២៩៧នាក់ ទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា។ 
លោក ទូច សុឃៈបន្តថា តាមរយៈការអនុវត្តកម្មវិធីប្រឡងប្រណាំងកែប្រែខ្លួនទណ្ឌិតក្នុងខែឧសភានេះ មានទណ្ឌិត ២៩៦នាក់ ស្រី២៨នាក់ត្រូវបានបន្ធូរបន្ថយទោសដោយទទួលបានព្រះរាជក្រឹត្យត្រាស់បង្គាប់ ក្នុងឱកាសនៃពិធីបុណ្យពិសាខបូជា ដោយមានទណ្ឌិត៦៥នាក់ ស្រី១នាក់ ត្រូវបានដោះលែង។ មកទល់ពេលនេះ អ្នកទាំងនោះពុំមានប្រព្រឹត្តបទល្មើសជាថ្មីនោះទេ។ 
លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញគោលនយោបាយបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងនោះក៏ផ្ដោតលើជនជាប់ឃុំដែរ។ 
ក្នុងន័យនេះ អគ្គនាយកគូសបញ្ជាក់ថា ក្រសួងមហាផ្ទៃ និងក្រសួងការងារបណ្ដុះបណ្ដាល វិជ្ជាជីវៈ បាននិងកំពុងធ្វើការជាមួយគ្នា ក្នុងការតម្រង់ទិស និងពង្រឹងបន្ថែមទៀតនូវកម្មវិធីបណ្ដុះបណ្ដាលឲ្យចំគោលដៅដល់ជនជាប់ឃុំ ដើម្បីធានាថាពួកគេនឹងមានអាជីពមួយច្បាស់លាស់ សម្រាប់យកទៅប្រកបរបរចិញ្ចឹមជីវិតក្រោយចេញពីពន្ធនាគារ ហើយជាលទ្ធផលជនជាប់ឃុំដែលទទួលបានការបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងចំណេះដឹងផ្សេងៗមានការកើនឡើងគួរឲ្យកត់សម្គាល់៕

ក្រសួងមហាផ្ទៃ រៀបចំឲ្យជនជាប់ឃុំចូលរៀនអក្ខរកម្ម និងភាសាបរទេសជាង១ពាន់នាក់
ក្រសួងមហាផ្ទៃ រៀបចំឲ្យជនជាប់ឃុំចូលរៀនអក្ខរកម្ម និងភាសាបរទេសជាង១ពាន់នាក់
ក្រសួងមហាផ្ទៃ រៀបចំឲ្យជនជាប់ឃុំចូលរៀនអក្ខរកម្ម និងភាសាបរទេសជាង១ពាន់នាក់
ក្រសួងមហាផ្ទៃ រៀបចំឲ្យជនជាប់ឃុំចូលរៀនអក្ខរកម្ម និងភាសាបរទេសជាង១ពាន់នាក់
ក្រសួងមហាផ្ទៃ រៀបចំឲ្យជនជាប់ឃុំចូលរៀនអក្ខរកម្ម និងភាសាបរទេសជាង១ពាន់នាក់