ធនាគារពិភពលោក ៖ កំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៦នឹងកើនឡើង៤,៥%

Narith | ថ្ងៃទី 12 ខែ មិថុនា ឆ្នាំ 2025

 

វិទ្យុជាតិកម្ពុជា អេង នារីរតន៍ ថ្ងៃ១២ ខែមិថុនា ឆ្នាំ២០២៥

ភ្នំពេញ ៖ ធនាគារពិភពលោក (World Bank) បានចេញរបាយការណ៍ព្យាករណ៍មួយថា កំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៥មានត្រឹម ៤,០% ខណៈឆ្នាំ២០២៦ខាងមុខនឹងមានអត្រាកំណើនក្នុងរង្វង់ប្រមាណជា ៤,៥% ដោយសារតែកត្តាគួបផ្សំរវាងបញ្ហាប្រឈមសកល និងក្នុងស្រុក។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ធនាគារពិភពលោក នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា «កំណើនសេដ្ឋកិច្ចកម្ពុជានៅត្រឹម ៤,០% ក្នុង ឆ្នាំ២០២៥ និង ៤,៥% ក្នុងឆ្នាំ២០២៦ ដោយសារតែកត្តាគួបផ្សំរវាងបញ្ហាប្រឈមសកល និងក្នុងស្រុក រួមមាន ៖ ស្ថានភាពមិនប្រាកដប្រជាសកល , ការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្ម , ភាពជាប់គាំងក្នុងវិស័យអចលនទ្រព្យ និងការរឹតបន្តឹងនៃវដ្តឥណទាន»។
លោកស្រី Tania Meyer ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា បានថ្លែងថា «ការធ្វើពិពិធកម្មសេដ្ឋកិច្ចមានសារៈសំខាន់ សម្រាប់កម្ពុជាក្នុងការរក្សាកំណើនឱ្យមានចីរភាព និងការបង្កើតការងារ ចំពេលមានភាពមិនប្រាកដប្រជា ជាពិសេសដោយពង្រីកមូលដ្ឋានសេដ្ឋកិច្ចឱ្យហួសពីការពឹងផ្អែកលើវិស័យសំណង់ និងការនាំចេញសម្លៀកបំពាក់ និងជំរុញការផលិត និងសេវាកម្មមានតម្លៃបន្ថែមខ្ពស់ថែមទៀត»។
លោកស្រីបន្ថែមថា «កំណែទម្រង់ប្រាក់ចំណូលអាចជួយគាំទ្រដល់ការធ្វើឱ្យបរិយាកាសអាជីវកម្ម មានភាពកាន់តែប្រសើរឡើង ហើយបង្កើតលំហសារពើពន្ធមួយសម្រាប់ការវិនិយោគសំខាន់ៗទៅលើមូលធនមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ»។
សេចក្តីប្រកាសបញ្ជាក់ថា ដើម្បីរក្សាបានកំណើននៅក្នុងបរិការណ៍នេះ កម្ពុជាចាំបាច់ត្រូវផ្តោតលើការប្រឹងប្រែង ធ្វើឱ្យសេដ្ឋកិច្ចកាន់តែមានភាពសម្បូរបែប និងការបង្កើតបរិយាកាសអំណោយផល សម្រាប់វិស័យឯកជនវិនិយោគ និងបង្កើតការងារ។ 
ធនាគារពិភពលោកបានមើលឃើញថា ការនាំចេញរបស់កម្ពុជា ជាពិសេសសម្លៀកបំពាក់ ទំនិញធ្វើដំណើរ ស្បែកជើង និងកង់ បានកើនឡើង ១១,៦% នៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំមុន។ សេវាកម្មទេសចរណ៍បានកើនឡើង១៦,១% សម្រាប់ការមកដល់របស់ភ្ញៀវអន្តរជាតិ ទោះបីជាចំនួននេះនៅតែទាបជាងកម្រិតនៅក្នុងឆ្នាំ២០១៩ ក៏ដោយ៕

ធនាគារពិភពលោក ៖ កំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៦នឹងកើនឡើង៤,៥%
ធនាគារពិភពលោក ៖ កំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៦នឹងកើនឡើង៤,៥%
ធនាគារពិភពលោក ៖ កំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៦នឹងកើនឡើង៤,៥%
ធនាគារពិភពលោក ៖ កំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៦នឹងកើនឡើង៤,៥%
ធនាគារពិភពលោក ៖ កំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៦នឹងកើនឡើង៤,៥%