វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី១២ ៦ ២៥
អន្តរជាតិ៖ កាលពីថ្ងៃទី១១ ខែមិថុនា ប្រទេសវៀតណាមបានចូលរួមជាមួយប្រទេសចំនួន ៥៤ ផ្សេងទៀតនៅឯពិព័រណ៍ និងវេទិកាការពារជាតិឥណ្ឌូ ដែលបានធ្វើឡើងនៅទីក្រុងហ្សាការតា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Vietnam Plus។ គណៈប្រតិភូវៀតណាមចូលរួមព្រឹត្តិការណ៍នេះ ដឹកនាំដោយឧត្តមសេនីយ៍ឯក អគ្គសេនាធិការរងនៃកងទ័ពប្រជាជនវៀតណាម។ នៅក្នុងសុន្ទរកថាបើក លោក Prabowo Subianto ប្រធានាធិបតីឥណ្ឌូនេស៊ីបានសង្កត់ធ្ងន់ថា វេទិកានេះបង្កើតឱកាសសម្រាប់ប្រទេសនានាជុំវិញពិភពលោក ដើម្បីតាមដានការអភិវឌ្ឍវិស័យការពារជាតិ និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាការពារជាតិ និងវិទ្យាសាស្ត្រ។ ក្នុងឱកាសនោះ លោកប្រធានាធិបតី Prabowo បានធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួន ១៨ ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្មការពារជាតិរវាងប្រទេសឥណ្ឌូនេស៊ី និងប្រទេសដែលចូលរួម។ គួរបញ្ជាក់ថា ព្រឹត្តិការណ៍នេះមានរយៈពេល ៤ថ្ងៃ ហើយក៏មានសិក្ខាសាលាដែលផ្តោតលើការផ្ទេរបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ក៏ដូចជាវគ្គបណ្តាញរវាងធុរកិច្ចអន្តរជាតិ និងអ្នកបង្កើតគោលនយោបាយ៕