វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី១២ ៦ ២៥
អន្តរជាតិ៖ សេតវិមានបាននិយាយថា លោកប្រធានាធិបតី ដូណាល់ ត្រាំ នឹងស្វាគមន៍ការទំនាក់ទំនងជាមួយលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បន្ទាប់ពីធ្លាប់មានទំនាក់ទំនងមិត្តភាពនឹងគ្នាជាមួយលោក គីម កាលពីអាណត្តិទី១ របស់លោក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ អ្នកនាំពាក្យសេតវិមានបានគូសបញ្ជាក់ថា លោកប្រធានាធិបតី ត្រាំ នៅតែបើកចំហចំពោះការទាក់ទងជាមួយលោក គីម ជុងអ៊ុន។ លោកស្រីធ្វើការកត់សម្គាល់បែបនេះ ជាការឆ្លើយតបទៅនឹងសេចក្ដីរាយការណ៍មួយរបស់សារព័ត៌មាន NK News មានមូលដ្ឋានក្នុងទីក្រុងសេអ៊ូលថា ប្រតិភូកូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក បានបដិសេធទទួលយកលិខិតមួយច្បាប់របស់លោក ត្រាំ ផ្ញើជូនលោក គីម ម្ដងហើយម្ដងទៀត។ ក្នុងអំឡុងអាណត្តិទី១ លោក ត្រាំ និងលោក គីម ធ្លាប់បានជួបគ្នាចំនួន ៣លើក និងបានផ្ដោះប្ដូរសំបុត្រគ្នាទៅវិញទៅមកផងដែរ។ កិច្ចប្រឹងប្រែង នៅពេលនោះ មានភាពរីកចម្រើនទៅមុខតិចតួចប៉ុណ្ណោះពាក់ព័ន្ធនឹងកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ហើយកាលពីខែមីនា ឆ្នាំ២០២៥ លោក ត្រាំ បានទទួលស្គាល់ថា កូរ៉េខាងជើងជាមហាអំណាចនុយក្លេអ៊ែរមួយទៀតផង៕