អត្ថបទ ភី សុខ វិទ្យុជាតិចំការចេកខេត្តបាត់ដំបង
បាត់ដំបង ៖ បើតាមមន្រ្តីច្រកទ្វារព្រំដែនខេត្តបាត់ដំបងបានឱ្យដឹងថានៅព្រឹកថ្ងៃទី១២ខែ
មិថុនា ឆ្នាំ២០២៥នេះ ច្រកទ្វារព្រំដែនអន្តរជាតិចំនួន២ និងតំបន់៣ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង និងប្រទេសថៃ បានបើកដំណើរការចេញ ចូលធម្មតា មិនមានការកកស្ទះនោះទេ ។ ហើយភាគីកម្ពុជា-ថៃបានធ្វើការសម្របសម្រួលឱ្យសិស្សសាលាចេញចូលទៅរៀនសូត្រក្នុងប្រទេសទាំងពីរចំនួន៦៥នាក់ ក្នុងនោះសិស្សកម្ពុជា៤៤ សិស្សថៃ២១នាក់ ។
បើតាមរបាយការណ៍មន្រ្តីច្រកអន្តរជាតិដូង ស្រុកកំរៀងខេត្តបាត់ដំបងបានឱ្យដឹងថានៅវេលា ម៉ោង៧ព្រឹកថ្ងៃទី១២មិថុនា មន្រ្តីស្នាក់ការច្រកទ្វារកម្ពុជាបានសម្របសម្រួលជូនសិស្ស សាលាចូល មករៀនក្នុងប្រទេសកម្ពុជាចំនួន៣៧នាក់ និង ខាងមន្រ្តីច្រកទ្វារថៃ បានសម្រួល ដល់សិស្សកម្ពុជាចូលទៅរៀននៅប្រទេសថៃ១៧នាក់វិញ។ ហើយច្រកទ្វារអន្តរជាតិដូង នេះខាងភាគីថៃបានបើកទ្វារច្រកដំណើរការម៉ោង៨ព្រឹក ចំណែកភាគីកម្ពុជាបើកនៅ ម៉ោង៩ព្រឹក ដោយមានរថយន្ត រង់ចាំឆ្លងកាត់ ទៅថៃមួយចំនួន។
ចំណែកច្រកទ្វារអន្តរជាតិភ្នំដី ស្រុកសំពៅលូន មន្រ្តីស្នាក់ការច្រកឱ្យដឹងថាបានបើក ដំណើរការធម្មតាដូចសព្វដង ដោយមានប្រជាពលរដ្ឋចេញចូលពុំមានការកកស្ទះនោះឡើយ ។
ដោយឡែកច្រកទ្វារតំបន់អូររំដួលស្រុកភ្នំព្រឹក មន្រ្តីច្រកទ្វារទាំងពីរបានសម្របសម្រួល ឱ្យសិស្សឆ្លងទៅរៀននៅទឹកដីថៃ៥នាក់ និងសិស្សសាលាមករៀននៅកម្ពុជា០២នាក់វិញ ។មន្រ្តីស្នាក់ការច្រកបញ្ជាក់ថាការសម្របសម្រួលដល់សិស្សខ្មែរឆ្លងកាត់ ដោយខាង អង្គភាពប្រតិបត្តិការពិសេសច័ន្ទបូរី(ទំនាក់តំនងកម្ពុជា ថៃ ខេត្តច័ន្ទបូរី) បានចេញ គោលការ ណ៍បើកទ្វារឱ្យសិស្សនៅវេលាម៉ោង៧ទៅ៨ព្រឹក និងពេលល្ងាចបើក ទ្វារចន្លោះម៉ោង៤ ដល់ម៉ោង ៥ល្ងាច ហើយច្រកទ្វារនេះបានបើកដំណើរការធម្មតានៅម៉ោង៩ព្រឹក។
របាយការណ៍មន្រ្តីស្នាក់ការច្រកឱ្យដឹងដែរថានៅច្រកទ្វារតំបន់ពីរទៀត គឺច្រកទ្វារតំបន់៤០០ និងច្រកទ្វារតំបន់អូរអន្លក់ បានបើកដំណើរការធម្មតានៅម៉ោង៩ព្រឹក ហើយនៅច្រក តំបន់អូរអន្លក់ នេះបានសម្រួលសិស្សមករៀននៅកម្ពុជាពីរនាក់ និងឆ្លងទៅរៀន នៅថៃ វិញពីរនាក់ ៕