អង្គការអន្តរជាតិខាងការងារ (ILO) កោតសរសើរកម្ពុជា ក្នុងនាមជាប្រទេសត្រួសត្រាយផ្លូវ (Pathfinder) នៃក្របខណ្ឌកាតាលីករសកលស្តីពីការងារ និងការគាំពារសង្គម

Chuon Bona | ថ្ងៃទី 12 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖

(ហ្ស៊ឺណែវ ប្រទេសស្វីស)៖ នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម សោម ចំណាន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម Gilbert F. Houngbo អគ្គនាយកអង្គការអន្តរជាតិខាងការងារ (ILO) អំឡុងបំពេញបេសកកម្មចូលរួមសន្និសីទអន្ដរជាតិខាងការងារលើកទី១១៣ នៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងហ្ស៊ឺណែវ។

នៅក្នុងជំនួបនោះ ឯកឧត្តម សោម ចំណាន បានថ្លែងអំណរគុណដល់អង្គការ ILO សម្រាប់កិច្ចសហប្រតិបត្តិការ និងការគាំទ្រដល់កម្ពុជាលើការអភិវឌ្ឍវិស័យការងារ តាមរយៈការអនុវត្តគម្រោង និងកម្មវិធីជាច្រើន ជាពិសេសកម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា (DWCP) ដែលបានរួមចំណែកក្នុងការធ្វើកំណែទម្រង់ទីផ្សារការងារ, ការលើកកម្ពស់ការងារសមរម្យប្រកបដោយបរិយាបន្នសម្រាប់យុវជន, ការអភិវឌ្ឍជំនាញ, ការពង្រីកដែននៃការគាំពារសង្គម និងការលើកកម្ពស់សមភាពយេនឌ័រ។ ឯកឧត្តមក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការអនុវត្តគំនិតផ្តួចផ្តើមកាតាលីករសកលស្តីពីការងារ និងការគាំពារសង្គម និងកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) ផងដែរ។

ជាការឆ្លើយតប ឯកឧត្តម Gilbert F. Houngbo បានកោតសរសើរកម្ពុជា ក្នុងនាមជាប្រទេសត្រួសត្រាយផ្លូវ (Pathfinder) នៃក្របខណ្ឌកាតាលីករសកលស្តីពីការងារ និងការគាំពារសង្គម ដែលបានដាក់បន្ស៊ីនូវយុទ្ធសាស្ត្រគាំពារសង្គម និងការងារ ជាមួយនឹងគោលដៅអភិវឌ្ឍន៍ជាតិរបស់កម្ពុជា។ ឯកឧត្តមក៏បានស្វាគមន៍លទ្ធផលនៃការអនុវត្តកម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា ក្នុង៦ដំណាក់កាលកន្លងមកនេះ ហើយក៏បានកោតសរសើរកម្ពុជា ដែលទទួលបានជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះនៃវេទិកាកាតាលីករសកលអាស៊ី-ប៉ាស៊ីហ្វិក កាលពីដើមខែមេសា ឆ្នាំ២០២៥ កន្លងទៅ។ ឯកឧត្តមអគ្គនាយកក៏បានបញ្ជាក់សារជាថ្មីអំពីការប្តេជ្ញាចិត្តរបស់អង្គការ ILO ក្នុងការបន្តគាំទ្រកម្ពុជាលើការអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផងដែរ៕