វិទ្យុជាតិកម្ពុជា៖ កង.មុន្នីរ៉ា ១២.៦.២៥
រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានជំរុញឱ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ជួយផ្សព្វផ្សាយពីទេសចរណ៍ក្នុងស្រុកឱ្យបានច្រើន ដើម្បីចូលរួមលើកកម្ពស់សក្តានុពលទេសចរណ៍របស់ជាតិឱ្យបានទូលំទូលាយ។
ក្នុងកិច្ចប្រជុំស្តីពី« ការបង្កើនការផ្សព្វផ្សាយយុទ្ធនាការជំរុញទេសចរណ៍ក្នុងរដូវកាលបៃតង ឆ្នាំ២០២៥ ប្រព្រឹត្តទៅនៅទីស្តីការក្រសួទេសចរណ៍ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ មានប្រសាសន៍ថា ប្រព័ន្ធផ្សាយ ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ឱ្យមានប្រសិទ្ធភាពខ្ពស់។
«ចឹងហើយបានឱ្យមានកម្មវិធីថ្ងៃនេះហ្នឹងណា យើងចង់ឱ្យគេមានគំនិតល្អពីយើងប្រទេសជិតខាងយើង ឬក៏អ្នកមួយចំនួនគាត់អគតិតែយើងត្រូវខោនថើព្រោះយើងអត់ផុសច្រើនណាស់ ចឹងមានតែយើងទាំងអស់គ្នានឹងហើយជួយគ្នា»។
អ្នកស្រី កុ សុម៉ា ជាពិធីការនី និងជាតារាចម្រៀងល្បីរបស់កម្ពុជាមួយរូបដែលបាន ចូលរួមក្នុងកិច្ចប្រជុំនេះដែរបានលើកទ្បើងថា អ្នកស្រីរីករាយពេញចិត្តចូលរួមសហការជាមួយក្រសួងទេសចរណ៍។
«នេះជាយុទ្ធនាការដ៏អស្ចារ្យ ហើយពិតជាពិសេសមែនទែន ដែលក្នុងនាមខ្ញុំជាអ្នកផ្សព្វផ្សាយមួយរូបអាចនិយាយបានថា នាងខ្ញុំក៏ធ្លាប់ប្រម៉ូតទៅតាមទេសចរណ៍ច្រើនដែរ ហើយនាងខ្ញុំអាចយល់អំពីគេហៅថា Green season ហើយនាងខ្ញុំស្ម័គ្រចិត្តចូលរួមបើទោះជាបានតិចឬក៏ច្រើន ប៉ុន្តែនាងខ្ញុំនឹងព្យាយាមចូលរួមទៅតាមលទ្ធភាពចា៎ ហើយបងប្អូននៅតាមសហគមនឹងចូលរួមសហការជាមួយក្រសួងទេសចរណ៍ផងដែរ»។
ទេសចរណ៍ក្នុងរដូវកាលបៃតងឆ្នាំ២០២៥ បានលើទិសស្លោក «ទស្សនាកម្ពុជារដូវកាលបៃតង» ឯកឧត្តម មហាម៉ាត់ យូណោះ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍បានមានប្រសាសន៍ថាបង្កើតទ្បើងក្នុងគោលបំណងបង្កើនភាពទាក់ទាញនៅតាមគោលដៅសហគមន៍។
« Green season ឬរដូវកាលបៃតងនេះ ក្រសួងទេសចរណ៍ក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្រ្តីបានដាក់ចេញក្នុងគោលបំណងទី១ពង្រាយរបាយទេសចរណ៍ឱ្យបានគ្រប់ខែគ្រប់រដូវ និងទី២ផ្លាស់ប្តូរផ្នត់គំនិតគិតអវិជ្ជមានថា Low season ខែអត់មានភ្ញៀវ ហើយផ្នត់គំនិតអវិជ្ជមាននេះយើងបានបំភ្លេចព្រោះវាជារនាំងមួយទៅលើមូលដ្ឋានអាជីវកម្មឬក៏ភ្ញៀវផងដែរ ទី៣ការបង្កើតទេសចរណ៍ថ្មីរបស់កម្ពុជាមានរដូវកាលបៃតងតែម្តងដែលយើងរំលេចអំពីភាពស្រស់ស្អាតស្រស់បំព្រងភាពល្អឥតខ្ចោះនៃរដូវកាល ទី៤នោះជាយុទ្ធនាការបន្ថែមនៅព្រឹត្តិការណ៍ទី៥យើងជម្រុញដំណើរកំសាន្ត របស់សិស្សនិស្សិត»។ ឯកឧត្តមបន្តថា ចំណុចទី៦អត្តសញ្ញាណម្ហូបអាហារ ទី៧កន្លែងស្នាក់ប្រកបដោយផាសុខភាព ទី៨ដំណើរកំសាន្តជិះរទេះគោ និងទី៩ផលិតផងអនុស្សាវរីយ៍ជាដើម។
សូមបញ្ជាក់ថា៖ កិច្ចប្រជុំស្តីពី« ការបង្កើនការផ្សព្វផ្សាយយុទ្ធនាការជំរុញទេសចរណ៍ក្នុងរដូវកាលបៃតង ឆ្នាំ២០២៥នេះ មានការនិមន្ត និងអញ្ជើញចូលរួមពីក្រសួង ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយជាតិ ពិធីករ និងពិធីការនីប្រមាណជាង១០០អង្គនាក់៕