វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ១៣ ០៦ ២០២៥
សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាព នៅប្រទេសហុងគ្រី ដើម្បីរឹត ចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការ ដែលមានស្រាប់រវាងប្រទេសទំាងពីរឱ្យកាន់តែស៊ីជម្រៅ និង គ្រប់ជ្រុងជ្រោយឡើង ពិសេសការងារការទូតសភានៃប្រទេសទំាងពីរ ដើម្បីជំរុញ និងលើកកម្ពស់ផលប្រយោជន៍ ប្រជាពលរដ្ឋនៃប្រទេសទំាងពីរឱ្យទទួលបានកាន់តែច្រើនឡើង។
ដំណើរទស្សនកិច្ចរយៈពេល៥ថ្ងៃ ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ធ្វើឡើងតបតាមការអញ្ជើញរបស់ ឯកឧត្ដម ឡាស្លូ កូវឺរ (László Kövér) ប្រធានរដ្ឋសភា នៃប្រទេសហុងគ្រី។
អំឡុងពេលដំណើរទស្សនកិច្ចនេះ សម្តេចប្រធានរដ្ឋសភា និងជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្ដម ឡាស្លូ កូវឺរ ប្រធានរដ្ឋសភា នៃប្រទេសហុងគ្រី ជួបសម្តែងការគួរសមជាមួយ ឯកឧត្តមប្រធានាធិបតី ហុងគ្រី និង ឯកឧត្តម នាយករដ្ឋមន្រ្តីហុងគ្រី ផងដែរ។
ក្រៅពីនេះសម្តេចប្រធានរដ្ឋសភា មានគម្រោងជួបសំណេះសំណាល សាកសួរសុខទុក្ខ ជាមួយសិស្សនិស្សិតខ្មែរដែលកំពុង សិក្សានៅប្រទេសហុងគ្រី ផងដែរ។ សម្តេចនិងគណៈប្រតិភូ នឹងអញ្ជើញទស្សនកិច្ចនៅតាមតំបន់ឧស្សាហកម្ម ទេសចរណ៍ និងវប្បធម៌របស់ប្រទេសហុងគ្រី មួយចំនួនទៀត ដើម្បីភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជននៃប្រទេសទំាងពីរ ឱ្យកាន់តែ ជិតស្និទ្ធ ក៏ដូចជាការជំរុញទំនាក់ទំនងវប្បធម៌ ទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគ ទៅវិញទៅមកបន្ថែមទៀត ដែលសុទ្ធសឹងជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋទំាងសងខាង។
គិតមកទល់ពេលបច្ចុប្បន្ន ទំនាក់ទំនងទ្វេភាគីកម្ពុជានិងហុងគ្រី មានរយៈពេល ៦៩ឆ្នាំ ហើយ។ ហុងគ្រីជាប្រទេសមួយ ដែលបានជួយនិងគំាទ្រកម្ពុជានៅក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩។ ទំនាក់ទំនងប្រទេសទំាងពីរបាននិងកំពុងវិវវឌ្ឍ គួរឱ្យកត់សម្គាល់ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច គាំទ្រគ្នា និងជួបពិភាក្សាការងារទាំងក្នុងកម្រិតថ្នាក់ដឹកនាំ និងមន្រ្តី ជំនាញជាន់ខ្ពស់ ទាំងក្នុងក្របខណ្ឌនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។ ជាក់ស្តែង ដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ទៅកាន់ប្រទេសហុងគ្រីកាលពីឆ្នាំ២០១៩ និងដំណើរ ទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ហ្សាណូស អែនឌ័រ (János Áder) ប្រធានាធិបតីហុងគ្រី មកកាន់កម្ពុជាកាលពីខែតុលា ឆ្នាំ២០១៩ បានពូនជ្រំ កិច្ចសហប្រតិបត្តិការប្រទេសទាំងពីរលើគ្រប់វិស័យ កាន់តែជិតស្និទ្ធ លូតលាស់ឡើងគួរជាទីមោទនៈ ដោយយកប្រជាពលរដ្ឋជាស្នូល៕