វិទ្យុជាតិកម្ពុជា ឈួន សំអាត ១៣.០៦.២០២៥
ភ្នំពេញ៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានចាត់ទុកវិន័យ និងសីលធម៌ គឺជាគ្រូ និងជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុត របស់មនុស្សគ្រប់រូប ទាំងក្នុងជីវិតសិក្សា ក៏ដូចជាការរស់នៅក្នុងសង្គម ព្រោះវិន័យនាំឱ្យយើងមានសេចក្តីថ្លៃថ្នូ មានការគោរពពីគ្រប់មជ្ឈដ្ឋាន និងទទួលបានជោគជ័យលើការងារ។
ឯកឧត្តម ទេព អស្នារិទ្ធ បានមានប្រសាសន៍លើកឡើងដូច្នេះ នៅក្នុងឱកាសអញ្ជើញបិទវគ្គចុះកម្មសិក្សារបស់សិស្ស និស្សិតនិងសមណនិស្សិត នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នាព្រឹកថ្ងៃទី១៣ ខែ មិថុនា ឆ្នាំ២០២៥ នេះនៅទីស្តីការក្រសួងព័ត៌មាន។ ជាមួយគ្នានោះ ឯកឧត្តម ក៏បានបង្ហាញមោទនភាព ដែលឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានផ្តួចផ្តើមបង្កើតឱ្យមានកម្មវិធីបំពេញកម្មសិក្សាពីសំណាក់សិស្ស និស្សិត មកពីគ្រឹះស្ថានឯកជននានា នៅតាមអគ្គនាយកដ្ឋាន និងនាយកដ្ឋានសំខាន់ៗចំណុះក្រសួងព័ត៌មាន ដើម្បីចែករំលែកចំណេះដឹងនិងបទពិសោធទៅដល់ស្រទាប់យុវជន ទុកជាពុទ្ធិក្នុងការសិក្សាស្រាវជ្រាវ ក៏ដូចជាបំពេញការងារក្រោយបញ្ចប់ការសិក្សានៅតាមសាលា។
ក្នុងឱកាសនោះ ឯកឧត្តម ទេព អស្នារិទ្ធ ក៏បានរំលេចជូននូវសកម្មភាព និងការងារជាច្រើន ដែលក្រសួងព័ត៌មានបានបំពេញក្នុងវិស័យផ្សព្វផ្សាយ ក៏ដូចជាសកម្មភាពនានា នៃកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាដៃគូពាក់ព័ន្ធ ដែលបានគាំទ្រជាសម្ភារៈនិងបច្ចេកទេស សម្រាប់កិច្ចដំណើរការផ្សព្វផ្សាយព័ត៌មាន ក្នុងនិងក្រៅប្រទេសប្រកបដោយការទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់។ បច្ចុប្បន្ននេះ ក្រសួងព័ត៌មាន បានចេញផ្សាយជាទៀងទាត់នូវព័ត៌មានជាភាសាខ្មែរ អង់គ្លេស បារាំង អារ៉ាប់ នឹងគ្រោងផ្សាយជាភាសាចិននៅពេលខាងមុខនេះផងដែរ។
ឯកឧត្តម អ្នកនាំពាក្យបានបញ្ជាក់ជូនទៀតថា នេះជាលើកទី៦ហើយ ដែលក្រសួងព័ត៌មាន បានបើកវគ្គកម្មសិក្សាដែលមាន សិស្ស និស្សិតនិងសមណនិស្សិត មកពីគ្រឹះស្ថានឯកជនជាច្រើនអង្គ\នាក់ បានចូលមកបំពេញកម្មសិក្សា ដោយទទួលបានចំណេះដឹងមួយចំនួនដែលពួកគេមិនធ្លាប់បានដឹង និងមិនធ្លាប់បានឃើញពីមុនមក សម្រាប់ទុកជាមូលដ្ឋានស្រាវជ្រាវ ក៏ដូចជាបទពិសោធ និងបានយកទៅចែករំលែកដល់ស្រទាប់យុវជន និងមហាជនគ្រប់មជ្ឈដ្ឋាន ពិសេសពីរបៀបរៀបចំកម្មវិធីផ្សព្វផ្សាយព័ត៌មានរបស់អគ្គនាយកដ្ឋានជំនាញ និងរបៀបទទួលព័ត៌មានបានត្រឹមត្រូវពីបណ្តាញសង្គម ចៀសវាងការទទួលពីព័ត៌មានមិនពិតនាំឱ្យមានគ្រោះថ្នាក់ដល់ខ្លួននិងសង្គមជាតិ។
ឯកឧត្តម អនុរដ្ឋលេខាធិការ បានផ្តាំផ្ញើដល់និស្សិត និង សមណនិស្សិតដែលបានចុះមកបំពេញកម្មសិក្សានៅទីនេះ សូមយកចំណេះដឹង ឬបទពិសោធដែលខ្លួនទទួលបាន ទៅចែករំលែកដល់និស្សិតដទៃទៀត និងយកធ្វើជាគំរូសម្រាប់វាស់វែង ក្នុងការធ្វើផែនការសិក្សាឱ្យបានត្រឹមត្រូវ និងធ្វើជាពុទ្ធិសម្រាប់ការងារទៅថ្ងៃអនាគត។
ទន្ទឹមគ្នានោះ សមណនិស្សិត និង និស្សិត បានបង្ហាញចំណាប់អារម្មណ៍និងក្តីរីករាយ ដែលបានមកធ្វើកម្មសិក្សានៅក្នុងកន្លែង ដែលខ្លួនតែងស្រមៃចង់ឃើញដោយផ្ទាល់ ហើយមានឱកាសបានសាកល្បងអនុវត្តជាក់ស្តែងការងារមួយចំនួន ពីរៀមច្បងដែលមានចំណេះជំនាញ ទាំងនៅអគ្គនាយកដ្ឋានសោតទស្សន៍ នៅក្នុងអគ្គនាយកដ្ឋានទីភ្នាក់ងារកម្ពុជា អាកាប៉េ នៅទូរទស្សន៍ជាតិកម្ពុជា និងនៅវិទ្យុជាតិកម្ពុជា ដោយបានមើលឃើញនូវដំណាក់កាលប្រមូល ចងក្រង ការផលិតព័ត៌មាន និងដំណាក់ការផ្សព្វផ្សាយជាក់ស្តែង ដើម្បីបានរួមចំណែកក្នុងការចែកចាយនិងដុះខាតបន្ថែមទៀត សម្រាប់បញ្ចប់ការសិក្សារបស់ខ្លួន។
ឯកឧត្តម បានផ្តល់ឱកាសដល់និស្សិត និងសមណនិស្សិត ដែលមានបំណងចង់ហាត់ការនៅក្នុងអគ្គនាយកដ្ឋានជំនាញណាមួយ គឺអាចដាក់ពាក្យតាមរយៈសាលា ឬតាមរយៈខ្លួនឯងផ្ទាល់ ហើយក្រុមការងារនឹងរង់ចាំស្វាគមន៍ដោយរាក់ទាក់និងភាពកក់ក្តៅបំផុត៕