វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ (១៣ ០៦ ២០២៥)
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច បានប្រាប់ទៅកាន់អន្តរជាតិ ជុំវិញជម្លោះព្រំដែនរវាងកម្ពុជា និងថៃថា កម្ពុជាមិនស្នើសុំអាវុធ-គ្រាប់ ដើម្បីវាយប្រយុទ្ធបង្ហូរឈាមគ្នា ជាមួយថៃនោះទេ តែកម្ពុជាស្នើសុំឱ្យលើកទឹកចិត្តដោះស្រាយ ដោយសន្តិវិធីតាមរយៈការចរចា តាមយន្តការទ្វេភាគីផង និងតាមផ្លូវតុលាការផង។
តាមរយៈបណ្តាញសង្គម នារាត្រីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ បានផ្ញេីសារ បញ្ជាក់ពីគោលជំហរកម្ពុជា ទៅកាន់បណ្តាប្រទេសអន្តរជាតិថា
មកដល់ពេលនេះ ប្រហែលជាអាចយល់បានហើយថា ហេតុអ្វីបានជាសម្តេច សម្រេចចេញបញ្ជាឱ្យក្រសួងការបរទេស និងតំណាងកម្ពុជាដែលចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ បោះឆ្នោតប្រឆាំងរុស្សុី ដែលវាយចូលប្រទេសអ៊ុយក្រែន កាលពីឆ្នាំ២០២២ ដែលធ្វើឲ្យប្រទេសជាច្រើន មានការភ្ញាក់ផ្អើលអំពីឥរិយាបទរបស់កម្ពុជា។
ក្នុងនោះសម្តេច បានបញ្ជាក់ នូវការឆ្វេងយល់របស់សម្តេចថា ថ្ងៃណាមួយ ថៃនឹងធ្វើសកម្មភាពដូចកាលពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១១ទៀតហើយ ខណៈដែលពេលនេះភាពគឃ្លើញមិនគោរពច្បាប់ បានបង្ហាញចេញមកហើយ។
សម្តេចតេជោ បានបន្ថែមថា ដូចនេះគេអាចពន្យល់បានហើយអំពីការគិតរបស់សម្តេចសម្រាប់ពិភពលោក ដែលគោរពច្បាប់ផង និងសម្រាប់អនាគតកម្ពុជា ជាមួយប្រទេសថៃផង។
ក្នុងនាមជាប្រធានគណបក្សកាន់អំណាច សម្តេចតេជោ បានគូសបញ្ជាក់ថា កម្ពុជាអំពាវនាវដល់បណ្តារដ្ឋ ដែលអនុវត្តនយោបាយការបរទេស ផ្អែកលើច្បាប់ លើកទឹកចិត្តដល់ភាគីទាំងពីរ ដោះស្រាយបញ្ហាដោយសន្តិវិធី និងគោរពតាមច្បាប់។
សម្តេចតេជោ បានបញ្ជាក់ថា សំណូមពររបស់កម្ពុជា គឺស្នើសុំឲ្យបណ្តារដ្ឋ ដែលគោរពច្បាប់ លើកទឹកចិត្តភាគីថៃ ដំណើរការក្តីតាមផ្លូវតុលាការយុត្តិធម៌អន្តរជាតិ ICJ លើសំណុំរឿងព្រំដែន ជាមួយកម្ពុជាលើ៤ចំណុច៖
ទី១ តំបន់មុំបីនៃព្រំដែនកម្ពុជា-ឡាវ-ថៃ
ទី២ ប្រាសាទតាមាន់ធំ
ទី៣ ប្រាសាទតាមាន់តូច និង
ទី៤ ប្រាសាទតាក្របី។
ក្នុងនោះសម្តេចតេជោ អះអាងថា កម្ពុជា មិនស្នើសុំអាវុធ-គ្រាប់ ដើម្បីវាយប្រយុទ្ធបង្ហូរឈាមគ្នា រវាងកម្ពុជានិងថៃនោះទេ តែកម្ពុជា ស្នើសុំឱ្យលើកទឹកចិត្តដោះស្រាយ ដោយសន្តិវិធីតាមរយៈការចរចា តាមយន្តការទ្វេភាគីផង និងតាមផ្លូវតុលាការផង។ ព្រំដែនកម្ពុជា-ថៃមានប្រវែងជាង៨០០គីឡូម៉ែត្រ កម្ពុជា លើកតែ៤ចំណុច ដែលជាចំណុចក្តៅ និងរសើប ដែលងាយនឹងផ្ទុះអាវុធ វាយប្រហារគ្នាប្តឹងទៅតុលាការដោះស្រាយជាមុន។ ៤ចំណុចដូចបានរៀបរាប់ខាងលើ មិនអាចរកការស្រុះស្រួលគ្នា តាមយន្តការទ្វេភាគីបានឡើយ សូម្បីតែ១០០ឆ្នាំទៀត ក៏មិនអាចដោះស្រាយបានដែរ។ ដូចនេះ មានតែតុលាការយុត្តិធម៌អន្តរជាតិ ICJ ប៉ុណ្ណោះ ទើបអាចដោះស្រាយបាន។
សម្តេចតេជោ ហ៊ុន សែន ថែមទាំងបញ្ជាក់ថា ការដោះស្រាយតាមផ្លូវតុលាការ មិនមែនជាការបង្កហេតុបង្កសង្រ្គាមនោះឡើយ តែជាការដោះស្រាយដោយសន្តិវិធីតាមផ្លូវច្បាប់បញ្ជៀសការបង្ហូរឈាមនាពេលអនាគត។ សម្រាប់រដ្ឋាភិបាលក៏ងាយស្រួល ក្នុងការបកស្រាយជាមួយប្រជាជនខ្លួនផងដែរ ក្នុងករណីចាញ់ក្តីនៅតុលាការ។
បន្ថែមលេីនេះ សម្តេច បានគូសបញ្ជាក់ថា ក្នុងចំណោមប្រទេសអាស៊ាន មានឧទាហរណ៍ដ៏ល្អ ដែលឥណ្ឌូនេសុី សឹង្ហបុរី និងម៉ាឡេសុី នាំយកជម្លោះទឹកដី ទៅឱ្យតុលាការយុត្តិធម៌អន្តរជាតិ ICJ ដោះស្រាយដោយភាគីនិមួយៗ គោរពតាមការសម្រេចរបស់តុលាការ។ ជាលទ្ធផលទំនាក់ទំនងរវាង ឥណ្ឌូនេស៉ី និងម៉ាឡេសុី និងទំនាក់ទំនងម៉ាឡេសុី ជាមួយសឹង្ហបុរី នៅតែល្អនិងគ្មានជម្លោះតកូនតចៅ។
ព្រមជាមួយគ្នានេះ សម្តេចតេជោ យល់ឃេីញយ៉ាងច្បាស់ថា ការគេចវេសណាមួយ មិនហ៊ានចូលតាមផ្លូវតុលាការ វាមានន័យស្មើជាមួយការប្រព្រឹត្តបទល្មើស និងការមិនគោរពច្បាប់ ក្នុងសណ្តាប់ធ្នាប់ពិភពលោកមួយ ដែលគោរពច្បាប់៕