សហជីពតំណាងកម្មករជិត ៥ម៉ឺននាក់ប្រកាសគាំទ្រយ៉ាងពេញទំហឹងលើវិធានការឆ្លើយតប នឹងការគំរាមរបស់ក្រុមជ្រុលនិយមថៃ

Narith | ថ្ងៃទី 14 ខែ មិថុនា ឆ្នាំ 2025

 

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ១៥ ០៦ ២៥

ភ្នំពេញ៖ សហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា (CWPUC)តំណាងឱ្យសហព័ន្ធសហជីព សមាគម សមាជិកជិត ៥ម៉ឺននាក់ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងលើវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឆ្លើយតបនឹងការគំរាមរបស់ក្រុមជ្រុលនិយមថៃដែលចង់កាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនី និងអ៊ិនធឺណេត ពីកម្ពុជា។ 
លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា (CWPUC) បានចាត់ទុកវិធានការ របស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន គឺជាការឆ្លើយតបដ៏មានប្រសិទ្ធភាពទៅនឹងការគំរាមរបស់ក្រមជ្រុលនិយមថៃ ដែលចង់កាត់ ផ្តាច់ការផ្គត់ផ្គង់អគ្គិសនី និងអ៊ិនធឺណេតដល់កម្ពុជា។
 លោកបញ្ជាក់ថា៖«យើងខ្ញុំជាសហជីពទាំងអស់ សូមប្រកាសគាំទ្រទាំងស្រុងនូវខ្លឹមសារដែលមានទាំង៦ ចំណុចដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ដោយមានការជឿជាក់យ៉ាងមុតមាំបំផុតនូវវិធានការ ដែលបានដាក់ ចេញជាចំណាត់ការដែលជាយុទ្ធសាស្រ្តដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជាពិសេសប្រកាន់ខ្ជាប់នូវស្មារតីស្នេហាជាតិ និងសាមគ្គីភាពផ្ទៃក្នុងដ៏រឹងមាំ ក្នុងការការពារនូវអធិបតេយ្យ ភាពជាតិ និងបូរណភាពទឹកដីកម្ពុជា»។
លោកបានមើលឃើញពីភាពឈ្លាសវៃរបស់សម្តេចធិបតីក្នុងការបញ្ជាឱ្យក្រសួងស្ថាប័នរបស់កម្ពុជាពិនិត្យ និងត្រៀមលក្ខណៈជាយថាហេតុ ដើម្បីជាក់ចេញនូវវិធានការផ្សេងៗបន្ថែមទៀត ប្រសិនបើអ្នកមានការ គំរាមកំហែងកាត់ផ្តាច់អ្វីផ្សេងទៀត។ 
ជាមួយគ្នានេះ CWPUC បានគាំទ្រសម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់បន្ថែមទៅកាន់រាជរដ្ឋាភិបាល ក្នុងករណីភាគីថៃមិនព្រមបើកច្រកព្រំដែនដែលខ្លួនបិទជាឯកតោភាគី គឺកម្ពុជាត្រូវបិទការផ្សាយភាពយន្ត ថៃ និងឈានដល់ការបញ្ឈប់ការនាំចូលទំនិញថៃមកកាន់កម្ពុជា ហើយបើសិនជាថៃនៅតែប្រមាថកម្ពុជា នោះកម្ពុជានឹងឈានទៅឈប់ប្រើទំនិញថៃទាំងស្រុងជំនួសដោយការប្រើទំនិញក្នុងស្រុក។
ករណីនេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ដើម្បីកុំឲ្យវែងឆ្ងាយ ឬបង្កការ លំបាកសម្រាប់ភាគីថៃក្នុងការសម្រេចចិត្តកាត់ ឬមិនកាត់នៅពេលណាមួយនោះ គឺកម្ពុជាបានសម្រេចចិត្ត ធានាការផ្គត់ផ្គង់អគ្គិសនី និងអ៊ិនធឺណិតខ្លួនឯង ដោយមិនចាំបាច់ទិញពីប្រទេសថៃ៕

សហជីពតំណាងកម្មករជិត ៥ម៉ឺននាក់ប្រកាសគាំទ្រយ៉ាងពេញទំហឹងលើវិធានការឆ្លើយតប    នឹងការគំរាមរបស់ក្រុមជ្រុលនិយមថៃ