វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី១៤ ៦ ២៥
អន្តរជាតិ៖ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបាននិយាយនៅក្នុងវីដេអូដ្ឋាន មួយទៅកាន់ប្រជាជនអ៊ីរ៉ង់ ដែលត្រូវបានចែកចាយដោយការិយាល័យរបស់លោកថា នៅយប់ថ្ងៃទី១៣ ខែមិថុនា អ៊ីស្រាអែលបានកម្ទេចឃ្លាំងផ្ទុកគ្រាប់មីស៊ីលផ្លោងរបស់កងទ័ពអ៊ីរ៉ង់មួយភាគធំ ក្នុងអំឡុង ប្រតិបត្តិការប្រឆាំងនឹងអ៊ីរ៉ង់ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។ លោកបាននិយាយថា "ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ យើងបានវាយប្រហារទៅលើមេបញ្ជាការ យោធាកំពូល អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរជាន់ខ្ពស់ កន្លែងពង្រឹងដ៏សំខាន់បំផុតរបស់របបឥស្លាម និងផ្នែកធំ នៃឃ្លាំងអាវុធមីស៊ីលផ្លោងរបស់ពួកគេ ហើយប្រតិបត្តិការជាច្រើនទៀតកំពុងដំណើរការ"។ យោងតាមលោក Netanyahu អាជ្ញាធររបស់អ៊ីរ៉ង់មានការស្រងាកចិត្តជាខ្លាំង បន្ទាប់ពីការវាយប្រហារ ដែលធ្វើឡើងដោយអ៊ីស្រាអែល។ កាលពីយប់ថ្ងៃទី១៣ ខែមិថុនា អ៊ីស្រាអែលបានបើកប្រតិបត្តិការ "Rising Lion" សំដៅប្រឆាំងនឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ កងកម្លាំងការពារអ៊ីស្រាអែលបានរាយការណ៍ថា យន្តហោះចម្បាំងចំនួន ២០០ គ្រឿងបានវាយប្រហារ ទៅលើគោលដៅជាង ១០០ កន្លែងនៅក្នុងប្រទេសអ៊ីរ៉ង់ រួមទាំងកន្លែងនុយក្លេអ៊ែរផងដែរ។ គួរបញ្ចាក់ថា នៅល្ងាចថ្ងៃទី១៣ ខែមិថុនា កងឆ្មាំបដិវត្តន៍អ៊ីស្លាមរបស់អ៊ីរ៉ង់បានរាយការណ៍ថា អ៊ីរ៉ង់បានសងសឹក ដោយវាយប្រហារគោលដៅរាប់សិបកន្លែងក្នុងប្រទេសអ៊ីស្រាអែលដោយមីស៊ីល រួមទាំងទីតាំងយោធា និងមូលដ្ឋានទ័ពអាកាស ដោយបានវាយប្រហារជាពិសេសទៅលើអគារក្រសួងការពារជាតិនៅទីក្រុង Tel Aviv។ អាជ្ញាធររដ្ឋជ្វីហ្វបានសារភាពថា គោលដៅមួយចំនួនត្រូវបានវាយប្រហារ ប៉ុន្តែមីស៊ីលភាគច្រើន គឺត្រូវបានស្ទាក់ចាប់៕