វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី១៤ ៦ ២៥
អន្តរជាតិ៖ រដ្ឋាភិបាលឥណ្ឌូនេស៊ីបានសង្កត់ធ្ងន់លើទំនួលខុសត្រូវនៅគ្រប់កម្រិត ពីមជ្ឈិមដល់រដ្ឋបាល មូលដ្ឋាន ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយប្រភពនៃការបំពុលខ្យល់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Vietnam Plus។ ទិន្នន័យពីក្រសួងបរិស្ថានបានបង្ហាញថា គិតត្រឹមដើមខែមិថុនា ឆ្នាំ២០២៥ ក្រុមហ៊ុនចំនួន ១១ នៅក្នុង ប្រទេសត្រូវបានផ្អាកដោយសារបង្កការបំពុលបរិយាកាស។ ក្រសួងបានផ្តួចផ្តើមសកម្មភាពប្រឆាំងនឹងក្រុមហ៊ុនចំនួន ១១៦ នៅក្នុងតំបន់ Greater Jakarta ដែលបានរួមចំណែកដល់ការបំពុលខ្យល់ក្នុងអំឡុងពេល ២០២៣-២០២៤ ដោយបន្ថែមថា បច្ចុប្បន្ន ខ្លួនកំពុងរៀបចំ និងត្រួតពិនិត្យតំបន់ឧស្សាហកម្មដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ ការបំពុល។ នាយកផ្នែកការពារ និងគ្រប់គ្រងគុណភាពខ្យល់របស់ក្រសួង បាននិយាយថា ការបំពុលខ្យល់ នៅ Greater Jakarta បានក្លាយជាបញ្ហាកើតឡើងដដែលៗ ដូច្នេះហើយលោកទាមទារឱ្យមានការចាត់ វិធានការកាន់តែខ្លាំងឡើង មិនត្រឹមតែពីក្រសួងបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែក៏មកពីរដ្ឋាភិបាលក្នុងតំបន់ ផងដែរ។ លោកក៏បានធានាផងដែរថា ក្រសួងនឹងផ្តល់ការគាំទ្រ រួមទាំងការត្រួតពិនិត្យតំបន់ឧស្សាហកម្ម និងចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកដែលបំពានបទប្បញ្ញត្តិបរិស្ថាន៕