វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា&វ៉ែន សុវទ្ធី ១៤ ៦ ២០២៥
ភ្នំពេញ ៖ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥នេះ នាសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ដោយកម្ពុជាបន្តសហការជាមួយភាគីថៃ ដើម្បីជំរុញការវាស់វែង ខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់។
ការរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ នេះឡើង ដោយភាគីកម្ពុជាប្រកាន់ស្មារតីនៃការគោរពអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ និងប្រើប្រាស់គ្រប់យន្តការដែលមានស្រាប់ ជាពិសេសជំរុញយន្តការ គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) ជួបពិភាក្សាការងារគ្នា ដើម្បីដោះស្រាយបញ្ហាព្រំដែន ដោយផ្ដោតសំខាន់ទៅលើតំបន់ដែលបានកើតហេតុនាពេលថ្មីនេះ។
ជាមួយនឹងការប្ដេជ្ញាដ៏មោះមុតក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួន កម្ពុជាប្រកាន់ជំហររឹងមាំ ក្នុងការប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាង ឱ្យក្លាយទៅជាតំបន់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ដើម្បីជាផលប្រយោជន៍របស់ប្រទេស និងប្រជាជនរៀងៗខ្លួន។ កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការប្រើប្រាស់យន្តការបច្ចេកទេស និងច្បាប់អន្តរជាតិជាគោល។
បញ្ហាព្រំដែនពាក់ព័ន្ធនឹងប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី នឹងមិនត្រូវលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំ JBC នេះទេ ព្រោះកម្ពុជាបានសម្រេចយកបញ្ហាព្រំដែននៅតំបន់ទាំងបួនទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ។
សូមបញ្ជាក់ថា កិច្ចប្រជុំនេះ ភាគីថៃ មានការចូលរួមពី ឯកឧត្តម ប្រាសាស ប្រាសាសវិនិច្ឆ័យ ( Prasas Prasasvinitchai )ទីប្រឹក្សាក្រសួងការបរទេស ទទួលបន្ទុកកិច្ចការព្រំដែន ជាប្រធានគណៈប្រតិភូ រីឯភាគីកម្ពុជាគឺដឹកនាំដោយ ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន៕