វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ (១៥ ០៦ ២០២៥)
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ថ្ងៃ ទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជូនលិខិតជាផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយពាក់ព័ន្ធទៅនឹងបញ្ហាវិវាទព្រំដែន នៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។
យោងតាមបណ្តាញសង្គម របស់សម្តេចធិបតី នាយករដ្ឋមន្ត្រីក៏បានរំលឹកដែរថា នៅថ្ងៃ១៥មិថុនានេះ គាប់ជួនកាលពី៦៣ឆ្នាំមុន ពោលនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ គឺជាថ្ងៃប្រវត្តិសាស្ត្រ ដែលតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានសម្រេចឱ្យកម្ពុជា ឈ្នះលើរឿងក្តីប្រាសាទព្រះវិហារ។
សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា ទោះបីជាព្រឹត្តិការណ៍ទាំងពីរនេះកើតឡើង ៦៣ឆ្នាំខុសពីគ្នាក៏ពិតមែន ប៉ុន្តែស្មារតីនិងគោលបំណងគឺដូចគ្នា ÷ គឺកម្ពុជាជ្រើសរើសយកការដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ តាមរយៈយន្តការតុលាការយុត្តិធម៌អន្តរជាតិ (ICJ) សម្រាប់ការដោះស្រាយបញ្ហាព្រំដែន នៅតំបន់ដែលមានលក្ខណៈស្មុគស្មាញខ្លាំង និងមានហានិភ័យខ្ពស់នៃជម្លោះប្រដាប់អាវុធ ហើយដែលយន្តការទ្វេភាគី មិនអាចដោះស្រាយចប់ ដូចជានៅតំបន់ប្រាសាទព្រះវិហារ កាលពីជាង៦០ឆ្នាំមុន និងតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី នាពេលបច្ចុប្បន្ន។
បន្ថែមលេីនេះ សម្តេចធិបតី អះអាងថា កម្ពុជា ត្រូវការតែយុត្តិធម៌ ភាពត្រឹមត្រូវ និងច្បាស់លាស់មួយ ក្នុងការកំណត់ខ្សែព្រំដែនជាមួយប្រទេសជិតខាង ដើម្បីកុំឲ្យកូនចៅជំនាន់ក្រោយនៅបន្ត មានបញ្ហាមិនចេះចប់ជាមួយគ្នា។
ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានសូមឱ្យបងប្អូនជនរួមជាតិទាំងអស់ ផ្ដល់ការទុកចិត្តមកលើរាជរដ្ឋាភិបាល ក្នុងការខិតខំប្រឹងប្រែង ធ្វើកិច្ចការងារនេះ ប្រកបដោយឆន្ទៈនិងការទទួលខុសត្រូវខ្ពស់ ដើម្បីការពារបូរណភាពទឹកដី និងឧត្តមប្រយោជន៍របស់ជាតិ និងប្រជាជនកម្ពុជា៕