សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរខួប៦៣ឆ្នាំ នៃសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ទីក្រុងឡាអេ ដែលបានប្រគល់អធិបតេយ្យភាពលើប្រាសាទព្រះវិហារ ដល់ ប្រទេសកម្ពុជា

Narith | ថ្ងៃទី 15 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា  ៖ យី វិច្ឆិកា ១៥ ៦ ២០២៥

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារអបអរសាទរ ខួប៦៣ឆ្នាំ នៃសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ទីក្រុងឡាអេ ដែលបានប្រគល់អធិបតេយ្យភាពលើប្រាសាទព្រះវិហារ ដល់ ប្រទេសកម្ពុជា (១៥ មិថុនា ១៩៦២ - ១៥ មិថុនា ២០២៥)។
សូមជម្រាបថា ជម្លោះទាក់ទងនឹងប្រាសាទព្រះវិហារ បានចាប់ផ្ទុះឡើងខ្លាំង នៅឆ្នាំ១៩៥៤ បន្ទាប់ពីកម្ពុជាបានទទួលឯករាជ្យពីបារាំង។ ថៃបានបញ្ជូនកងកម្លាំងប្រដាប់អាវុធជាច្រើន ចូលមកកាន់កាប់ប្រាសាទព្រះវិហារ។
សម្តេចព្រះមហាវីរក្សត្រខ្មែរ  ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ
បានបំពេញព្រះរាជបូជនីយកិច្ចយ៉ាងស្វិតស្វាញបំផុត ដើម្បីទាមទារប្រាសាទព្រះវិហារ និងដេញកងកម្លាំងប្រដាប់អាវុធរបស់ថៃ ឱ្យចាកចេញពីប្រាសាទព្រះវិហារ។
ក្រោយពីដំណើរការតាមផ្លូវទូតត្រូវទទួលបរាជ័យ កម្ពុជាបានដាក់ពាក្យបណ្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ក្រុងឡាអេ នៅថ្ងៃទី៦ តុលា ឆ្នាំ១៩៥៩ ដើម្បីស្នើសុំឱ្យតុលាការប្រគល់អធិបតេយ្យដែនដី លើប្រាសាទព្រះវិហារមកឱ្យកម្ពុជា និងទាមទារឱ្យថៃដកកងកម្លាំងប្រដាប់អាវុធទាំងអស់ ចេញពីប្រាសាទព្រះវិហារ។
នៅក្នុងការជំនុំជម្រះលើអង្គសេចក្ដីនោះ កម្ពុជា និងថៃ បានលើកបង្ហាញទឡ្ហីកររៀងៗខ្លួន ដើម្បីទាមទារជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ។
ទីបំផុតទៅក្នុងសាលដីកាឆ្នាំ១៩៦២ តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ បានច្រានចោលការលើកឡើងរបស់ភាគីថៃ។
បើទោះបីតុលាការទីក្រុងឡាអេ បានសម្រេចបែបនេះ តែភាគីថៃ គោរពតែមួយចំណុចប៉ុណ្ណោះ គឺចំណុចទី១ ដែលកំណត់ថា ប្រាសាទព្រះវិហារ ស្ថិតនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជា។
ដោយឡែកចំណុចទី២ ដែលតុលាការបង្គាប់ឲ្យថៃដកកងកម្លាំងចេញពីប្រាសាទ និងបរិវេណជុំវិញប្រាសាទក្នុងដែនដីកម្ពុជានោះ មិនត្រូវបានភាគីថៃអនុវត្តទេ។ សម្រាប់ថៃ អ្វីដែលតុលាការអន្ដរជាតិកាត់សេចក្ដីនោះ គឺតួប្រាសាទព្រះវិហារ។ ដោយឡែកបរិវេណជុំវិញប្រាសាទ ដែលមានទំហំ ៤.៦គីឡូម៉ែត្រការ៉េនោះ គឺជាកម្មសិទ្ធិរបស់ថៃ ហើយថៃមានសិទ្ធិដាក់កងកម្លាំងរបស់ខ្លួននៅទីនោះ។
ព្រោះតែប្រកាន់ជំហរបែបនេះ នៅខែកក្កដា ឆ្នាំ២០០៨ ថៃបានលើកទ័ពចូលលុកលុយវត្តកែវសិក្ខាគិរីស្វារៈ ជាប់ប្រាសាទព្រះវិហារជាថ្មីម្ដងទៀត។ ការចេញមកប៉ុនប៉ងដណ្តើមទឹកដីនៅតំបន់ប្រាសាទព្រះវិហារនេះ បានកើតមានឡើង បន្ទាប់ពីប្រាសាទព្រះវិហារ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌមនុស្សជាតិពិភពលោកនាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨នោះ។
ជម្លោះព្រំដែនរវាងកម្ពុជា និងថៃបានផ្ទុះឡើងម្ដងទៀតយ៉ាងស្រួចស្រាវឈានដល់ការផ្ទុះអាវុធដាក់គ្នា។ បន្ទាប់ពីការស្វះស្វែងរកវិធីដើម្បីបញ្ចប់ជម្លោះទាំងយន្តការទ្វេភាគី និងយន្តការអាស៊ានមិនមានលទ្ធផលនោះ កម្ពុជាបានប្ដឹងទៅតុលាការយុត្តិធម៌អន្ដរជាតិទីក្រុងឡាអេជាថ្មី ឱ្យបកស្រាយសាលដីកាឆ្នាំ១៩៦២ឡើងវិញ។
ទីបំផុតទៅនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ តុលាការយុត្តិធម៌អន្ដរជាតិ បានបកស្រាយសាលដីកាឆ្នាំ១៩៦២ឡើងវិញ និងបានសម្រេចថា កម្ពុជាមានអធិបតេយ្យភាពលើដែនដីទាំងមូលនៃតំបន់ប្រាសាទព្រះវិហារ និងសម្រេចឱ្យភាគីថៃ ដកកងកម្លាំងប្រដាប់អាវុធ និងឆ្មាំប្រាសាទទាំងអស់ចេញពីបរិវេណជុំវិញប្រាសាទ។
នៅពេលនោះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានប្រឹងប្រែងយ៉ាងស្វិតស្វាញ និងអង់អាចជាទីបំផុតទាំងផ្នែកការទូត និងកម្លាំងប្រដាប់អាវុធ ដើម្បីការពារប្រាសាទ និងទឹកដីនៅជុំវិញនោះ។ សេចក្តីសម្រេចជាថ្មីរបស់តុលាការយុត្តិធម៌ទីក្រុងឡាអេ ជាការផ្តល់យុត្តិធម៌ និងជាជ័យជម្នះដ៏ធំធេងមួយសម្រាប់ជាតិកម្ពុជាទាំងមូល៕

សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរខួប៦៣ឆ្នាំ នៃសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ទីក្រុងឡាអេ ដែលបានប្រគល់អធិបតេយ្យភាពលើប្រាសាទព្រះវិហារ ដល់ ប្រទេសកម្ពុជា